
ព្រះអង្គសក្តិសមនឹងទទួលការសរសើរ
ដោយJulie Ackerman Link
November 16, 2015
ខ្ញុំរស់នៅជាមួយស្វាមីរបស់ខ្ញុំ ក្នុងតំបន់ដាច់ស្រយ៉ាលមួយ ដែលហុំព័ទដោយកសិដ្ឋានជាច្រើន ដែលនៅទីនោះ មានពាក្យស្លោកដ៏ពេញនិយមមួយ ដែលពោលថា “បើអ្នកញាំអាហារមួយពេល នៅថ្ងៃនេះ នោះចូរអរគុណកសិករ”។ កសិករពិតជាសក្តិសម នឹងទទួលការដឹងគុណពីយើងរាល់គ្នា។ ពួកគេធ្វើការធ្ងន់ៗ ក្រោមកំដៅថ្ងៃ ដែលមានការភ្ជួររាស់ដី ការដាំដុះ និងប្រមូលផលដំណាំ ដែលជាអាហារ ដែលជួយមិនឲ្យយើងដាច់ពោះស្លាប់។ ប៉ុន្តែ ជារៀងរាល់ពេលដែលខ្ញុំអរគុណកសិករ ខ្ញុំក៏ព្យាយាមនឹកចាំថា ខ្ញុំក៏ត្រូវថ្វាយការសរសើរដល់ព្រះផងដែរ ព្រោះព្រះអង្គជាអ្នកដែលទទួលខុសត្រូវ នៅក្នុងការបង្កើតអាហារ ឲ្យយើងបរិភោគ។ ព្រះអង្គប្រទានពន្លឺ ទឹកភ្លៀង និងបង្កើតថាមពលក្នុងគ្រាប់ពូជ ដែលធ្វើឲ្យវាមានកម្លាំងចាក់ឫសចូលក្នុងដី ហើយបង្កើតផ្លែផ្កា។ ទោះបីជាលោកិយ និងអ្វីៗទាំងអស់នៅក្នុងលោកិយ ជាកម្មសិទ្ធិរបស់ព្រះក៏ដោយ(ទំនុកដំកើង ២៤:១) ក៏ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសមនុស្ស ឲ្យធ្វើជាអ្នកថែរក្សារបស់ទាំងអស់នោះ។ យើងមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ធនធានរបស់ផែនដី តាមដែលព្រះអង្គសព្វព្រះទ័យ ឲ្យយើងធ្វើ ក្នុងលោកិយនេះ(១១៥:១៦)។ យើងជាអ្នកថែរក្សាស្នាព្រះហស្តខាងសាច់ឈាមរបស់ព្រះ ទន្ទឹមនឹងនោះ យើងក៏ជាអ្នកអនុវត្តតាមការរៀបចំ ដែលព្រះអង្គមានសម្រាប់សង្គមផងដែរ។ យើងអនុវត្តតាម ដោយផ្តល់នូវការគោរពដល់អ្នក ដែលព្រះអង្គបានដាក់ឲ្យធ្វើជារដ្ឋអំណាច ដោយបង់ពន្ធ ដោយផ្តល់ការគោរពដល់អ្នកដែលគួរគោរព និងដោយសងបំណុលនៃសេចក្តីស្រឡាញ់ ដែលយើងបានជំពាក់គេ(រ៉ូម ១៣:៧-៨)។ តែយើងត្រូវថ្វាយការសរសើរដំកើង និងសិរីល្អ ដល់ព្រះ ដ្បិតព្រះអង្គធ្វើឲ្យអ្វីៗទាំងអស់កើតមាន(ទំនុកដំកើង ៩៦:៨)។—Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ ត្រូវមានសេចក្តីកោតខ្លាច ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្តិ ដល់លោកណាដែលគួរគោរពដែរ។—រ៉ូម ១៣:៧