
ពន្លឺ និងភាពងងឹត
ដោយDavid C. McCasland
December 20, 2015
លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត ក្នុងភូមិបេថ្លេហិម ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់ នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។ លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ ឬជារូបអ្នកគង្វាលដែលឈរមើល ដោយចិត្តអែរអង់ ឬមួយជារូបមនុស្សដែលឈរក្នុងកន្លែងងងឹត ដើម្បីលាក់ខ្លួនពីពន្លឺ ដែលអាចចាក់ទម្លុះចូលភាពងងឹតរបស់យើងនោះ? ពិធីបុណ្យណូអែលកំពុងអញ្ជើញយើង ឲ្យដើរចេញពីកន្លែងងងឹត ហើយដើរតាមពន្លឺនៃព្រះគ្រីស្ទ ដែលចែងចាំងក្នុងចិត្តយើង។—David McCasland
បទគម្ពីរប្រចាំថ្ងៃ
ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ។—អេសាយ ៩:២