
ការរំពឹងគិតដ៏ធំ
ដោយJoe Stowell
January 29, 2016
មានពេលមួយ ខ្ញុំបានសួរគ្រូពេទ្យប្រឹក្សាផ្លូវចិត្តម្នាក់ អំពីបញ្ហាធំៗដែលនាំឲ្យមនុស្សជាច្រើនមកសុំយោបលពីគាត់។ គាត់ក៏បានឆ្លើយតប ដោយគ្មានការអល់អែកថា “ការខកបំណង បាននាំឲ្យពួកគេប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលអនាគត។ បើសិនជាពួកគេមិនប្រញាប់ជម្នះការខកចិត្តនោះទេ នោះវានឹងលូតលាស់ក្លាយជាទៅកំហឹង និងភាពល្វីងជូរចត់នៅក្នុងចិត្ត”។ ក្នុងពេលដ៏ល្អបំផុត យើងងាយនឹងរំពឹងថា យើងនឹងបានទៅកន្លែងដ៏ល្អ ដែលមានមនុស្សល្អនៅក្បែរយើង ដែលពួកគេចូលចិត្ត ហើយសរសើរយើង។ ប៉ុន្តែ ជីវិតរបស់យើង មានឧបស័គ្គជាច្រើន ដែលធ្វើឲ្យការរំពឹងគិតនេះ ក្លាយជាការខកបំណង។ តើយើងត្រូវធ្វើដូចម្តេច? យ៉ាងណាមិញ មានពេលមួយសាវ័កប៉ុលបានជាប់គុក ហើយមានគ្រីស្ទបរិស័ទខ្លះ ក្នុងក្រុងរ៉ូម បានព្យាយាមធ្វើឲ្យគាត់ពិបាកចិត្ត(ភីលីព ១:១៥-១៦) ប៉ុន្តែ នៅពេលនោះ គាត់នៅតែមានក្តីអំណរ ដោយគ្មានការភ្ញាក់ផ្អើលឡើយ។ គាត់យល់ថា ព្រះបានប្រទានឲ្យគាត់នូវបេសកកម្មថ្មីមួយទៀត។ ពេលគេឃុំខ្លួនគាត់នៅក្នុងផ្ទះ គាត់បានធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ដល់ពួកអ្នកយាម ដែលនាំឲ្យដំណឹងល្អបានចូលទៅដល់ដំណាក់របស់ស្តេចសេសា។ ទោះអ្នកប្រឆាំងនឹងគាត់ កំពុងផ្សាយដំណឹងល្អ ដោយមានគំនិតអាក្រក់មែនក្តី ក៏ការនេះបាននាំឲ្យគេបានឮដំណឹងល្អរបស់ព្រះគ្រីស្ទ ដូចនេះគាត់នៅតែមានអំណរ(ខ.១៨)។ សាវ័កប៉ុលមិនដែលរំពឹងថា នឹងបានទៅកន្លែងដ៏អស្ចារ្យណាមួយ ឬទៅកន្លែងដែលមានគេចូលចិត្តគាត់ច្រើនឡើយ។ គាត់គ្រាន់តែរំពឹងថា “ព្រះគ្រីស្ទនឹងបានដំកើងឡើង” តាមរយៈគាត់ប៉ុណ្ណោះ(ខ.២០)។ និយាយរួម គាត់មិនមានការខកចិត្តទេ។ បើសិនជាយើងរំពឹងថា យើងនឹងបាននាំអ្នកនៅក្បែរយើង ឲ្យបានស្គាល់ព្រះគ្រីស្ទ ទោះជាយើងកំពុងនៅទីណា ឬយើងកំពុងនៅជាមួយនរណាក៏ដោយ នោះការរំពឹងគិតនោះ នឹងក្លាយជាការពិត ឬលើសពីអ្វីដែលយើងចង់បានផង។ ព្រះគ្រីស្ទនឹងត្រូវបានដំកើងឡើង។-Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី។-ខ.២០