
អាហារសម្រាប់ចិត្ត
ដោយJoe Stowell
March 15, 2016
ខ្ញុំចូលចិត្តអាហារ! ខ្ញុំចូលចិត្តមើលអាហារដែលគេបានរៀបយ៉ាងស្អាត នៅលើតុ ហើយខ្ញុំចូលចិត្តក្រេបយករស់ជាតិរបស់អាហារទាំងនោះបន្តិចម្តងៗ។ បើសិនជាខ្ញុំអាចញាំអាហារបានតាមចិត្ត នោះខ្ញុំនឹងញ្ញាំឲ្យបានកាន់តែញឹកញាប់ ទោះបីជាវានឹងបណ្តាលឲ្យខ្ញុំឡើងគីឡូក៏ដោយ។ តែវាជាការប្រសើរណាស់ ដែលភរិយារបស់ខ្ញុំដឹងថា ពេលណានាងត្រូវរំឭកខ្ញុំ ដោយក្តីស្រឡាញ់ ឲ្យញាំអាហារដែលនាំឲ្យមានសុខភាពល្អ ក្នុងបរិមាណដ៏ត្រឹមត្រូវ។ យ៉ាងណាមិញ ហោរាយេរេមាបានមានប្រសាសន៍ថា ពេលដែលគាត់បានឃើញព្រះបន្ទូល(ដោយរាប់បញ្ចូលទាំងព្រះបន្ទូល អំពីការជំនុំជម្រះរបស់ព្រះផង) គាត់បាន “ទទួលទាន”ភ្លាម(យេរេមា ១៥:១៦)។ ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំបានស្រេកឃ្លានព្រះបន្ទូលព្រះ ហើយទទួលទានព្រះបន្ទូលព្រះអង្គភ្លាមៗ ឲ្យបានញឹកញាប់ដូចលោកយេរេមាដែរឬទេ? ជាការពិតណាស់ លោកយេរេមាមិនបាននិយាយសំដៅទៅលើ ការទទួលទាន ដោយយកព្រះបន្ទូលមកដាក់ចូលក្នុងមាត់ទំពារលេប ដូចអាហារធម្មតានោះទេ។ គាត់គ្រាន់តែចង់ប្រាប់យើងថា គាត់បានអានព្រះបន្ទូលព្រះអង្គ ហើយឲ្យព្រះបន្ទូលព្រះអង្គ បានជ្រួតជ្រាបក្នុងចិត្ត និងវិញ្ញាណរបស់គាត់។ នោះហើយជាបំណងព្រះហឫទ័យព្រះ។ ព្រះបន្ទូលជាអាហារខាងវិញ្ញាណ សម្រាប់ចិត្តរបស់យើង។ ពេលដែលយើងទទួលទានព្រះបន្ទូលព្រះ ព្រះវិញ្ញាណបរិសុទ្ធប្រទាននូវអំណាច ដើម្បីជួយឲ្យយើងលូតលាស់ កាន់តែមានលក្ខណៈដូចព្រះយេស៊ូវ។ ព្រះបន្ទូលកែប្រែរបៀបដែលយើងគិត អំពីព្រះ លុយ ខ្មាំងសត្រូវ អាជីព និងគ្រួសារ។ និយាយរួម ព្រះបន្ទូលព្រះ ពិតជាមានប្រយោជន៍ចំពោះយើងណាស់។ ដូចនេះ ចូរយើង “ទទួលទាន”ព្រះបន្ទូលព្រះ ឲ្យចិត្តស្កប់ស្កល់។ ខ្ញុំជឿថា អ្នកក៏មានគំនិតយល់ស្របនឹងហោរាយេរេមាផងដែរ នៅពេលដែលគាត់មានប្រសាសន៍ថា “ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ”(១៥:១៦)។-Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ។-ខ.១៦