ពេលដែលវិទ្យុប៊ីប៊ីស៊ី របស់ចក្រភពអង់គ្លេស បានធ្វើសំភាសស្រ្តីម្នាក់ ដោយសុំឲ្យនាងឲ្យឧទាហរណ៍ អំពីការងារដែលសំខាន់ ដែលគេមិនសូវស្គាល់ ហើយថែមទំាំងមានលក្ខណៈចម្លែក នាងក៏បានប្រាប់គេថា មានអ្នកនិពន្ធសៀវភៅម្នាក់បានដាក់ឈ្មោះឲ្យការងាររបស់នាងថា “អ្នកបច្ចេកទេសផ្នែកសេរ៉ាមិក នៅក្រោមទឹក”។ តាមពិត នាងជាអ្នកលាងចាន នៅភោជ្ជនីយដ្ឋានមួយ។ ជួនកាល គេដាក់ឈ្មោះចម្លែកៗឲ្យការងារសាមញ្ញៗ ដើម្បីឲ្យគេមានអារម្មណ៍ថា ការងារនោះហាក់ដូចជាសំខាន់ជាងមុន។
ក្នុងបទគម្ពីរអេភេសូរ ៤:១១ ពេលដែលសាវ័កប៉ុលរៀបរាប់ អំពីអំណោយទានមួយចំនួន ដែលព្រះបានប្រទានដល់ពួកជំនុំ គាត់មិនចង់ឲ្យគេយល់ថា អំណោយទានទាំងនោះ ជាមុខនាទីដែលខ្ពង់ខ្ពស់ជាងគេឡើយ។ យើងម្នាក់ៗដែលជាអ្នកជឿព្រះ ជាអវយវៈនៃរូបកាយព្រះគ្រីស្ទ ដែលសុទ្ធតែសំខាន់ និងមានភាពចាំបាច់ដូចគ្នា ដើម្បីឲ្យរូបកាយទាំងមូលមានដំណើរការបានល្អ។ គ្មានផ្នែកនៃរូបកាយមួយណា ដែលសំខាន់ជាងផ្នែកដទៃឡើយ។
អ្វីដែលសំខាន់នោះ គឺគោលបំណងនៃអំណោយទានទាំងនោះ។ ព្រះបានប្រទានអំណោយទានទាំងនោះមក ក្នុងគោលបំណងដើម្បី “នាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នា…បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ”(ខ.១២-១៣)។
ឈ្មោះរបស់មុខនាទី មិនសូវសំខាន់ទេ។ អ្វីដែលសំខាន់នោះ គឺយើងបានពង្រឹងជំនឿរាស្រ្តរបស់ព្រះ។ ពេលដែលការងារដែលយើងធ្វើថ្វាយព្រះមានប្រសិទ្ធិភាព តាមខ្នាតគំរូដែលព្រះគម្ពីរបានប្រទានដល់យើង នោះវាមិនជាបញ្ហាអ្វីឡើយ ដែលយើងផ្លាស់ប្តូរមុននាទី ឬក៏លែងមានមុខនាទីនោះទៀត។ យើងបម្រើព្រះ ដើម្បីស្អាងអ្នកជឿព្រះ ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយអនុញ្ញាតឲ្យព្រះប្រទានការសរសើរដល់យើង តាមដែលព្រះអង្គបានឃើញជាក់ស្តែង(ម៉ាថាយ ២៥:២១)។-C.P.HIA