ឈ្នះសេចក្តីស្លាប់
ថ្មីៗនេះ ខ្ញុំបានមើលរូបគំនូបុរាណមួយផ្ទាំង ដែលបានធ្វើឲ្យខ្ញុំប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ផ្ទាំងគំនូរនោះមានចំណងជើងថា អាណាតាស៊ីស (Anastasis) ដែលប្រែមកថា “ការរស់ឡើងវិញ”។ ផ្ទាំងគំនូរនេះបានពិពណ៌នា តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល អំពីការដែលព្រះគ្រីស្ទបានឈ្នះអំពើបាប ដោយវិចិត្រករបានគូររូបព្រះយេស៊ូវដែលទើបតែយាងចេញពីផ្នូរថ្មីៗ ហើយកំពុងទាញអ័ដាំម និងនាងអេវ៉ាចេញពីក្តាមឈូស ឲ្យចូលទៅក្នុងជីវិតអស់កល្បជានិច្ច។ ស្នាដៃសិល្បៈមួយនេះ មានភាពអស្ចារ្យយ៉ាងខ្លាំង នៅត្រង់ចំណុច ដែលព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ដែលបានកែប្រែសេចក្តីស្លាប់ខាងវិញ្ញាណ និងខាងរូបកាយ ដែលជាលទ្ធផលនៃអំពើបាប។ មុនពេលព្រះអម្ចាស់យេស៊ូវសុគតនៅលើឈើឆ្កាង ព្រះអង្គបានថ្លែងទំនាយ អំពីការដែលព្រះអង្គត្រាសហៅគ្រីស្ទបរិស័ទ ឲ្យចូលទៅក្នុងជីវិតថ្មី ដ៏រុងរឿង នៅថ្ងៃណាមួយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក”(យ៉ូហាន ៥:២៨-២៩)។ ដោយសារព្រះគ្រីស្ទបានឈ្នះសេចក្តីស្លាប់ នោះផ្នូរមិនមែនជាចុងបញ្ចប់របស់យើងទេ។ តាមធម្មតា យើងមានការសោកសង្រេង ពេលដែលមនុស្សជាទីស្រឡាញ់បានស្លាប់ ហើយពួកគេត្រូវបែកចេញពីយើង ក្នុងមួយជីវិតនេះ។ តែអ្នកជឿព្រះមិនបានសោកសង្រេង ដូចមនុស្សដែលគ្មានសង្ឃឹមនោះឡើយ(១ថែស្សាឡូនិច ៤:១៣)។ ដោយសារព្រះយេស៊ូវបានមានព្រះជន្មឡើងវិញហើយ នោះថ្ងៃណាមួយ គ្រីស្ទបរិស័ទទាំងអស់ ដែលបានស្លាប់ នឹងបានចេញពីផ្នូររបស់ខ្លួន ហើយនឹងមានរូបកាយដ៏ឧត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ាងនោះ “យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher
Read article