
ចូលក្នុងគ្រួសាររបស់ព្រះ
ដោយJennifer Benson Schuldt
April 16, 2016
ពេលលោកមួរីស គ្រីហ្វហ្វ៊ីន(Maurice Griffin) មានអាយុ៣២ឆ្នាំ គេបានទទួលយកគាត់ជាកូនចិញ្ចឹមម្តងទៀត។ កាលពីមុន គាត់បានរស់នៅ ជាមួយអ្នកស្រីលីសា(Lisa) និងលោកឆាល ហ្គតបូល(Charles Godbold) ជាឪពុកម្តាយចិញ្ចឹម អស់រយៈពេល២០ឆ្នាំ។ ក្រោយមកលោកមួរីស ក៏បានរស់នៅ ដោយពឹងផ្អែកលើខ្លួនឯងមួយរយៈ ប៉ុន្តែ ទោះជាយ៉ាងក៏ដោយ គាត់និងអតីតឪពុកម្តាយចិញ្ចឹម នៅតែចង់ឲ្យគាត់រស់នៅជុំគ្នា ជាកូនចិញ្ចឹមជានិច្ច។ ពេលដែលពួកគេជួបជុំគ្នាឡើងវិញ គាត់ក៏បានក្លាយជាកូនចិញ្ចឹមជាផ្លូវការណ៍។ ពេលនោះ លោកមួរីសក៏បានមានប្រសាសន៍ថា “ពេលនេះ អាចជាពេលដែលសប្បាយបំផុត ក្នុងជីវិតរបស់ខ្ញុំ … ខ្ញុំសប្បាយចិត្តណាស់ ដែលបានត្រឡប់មកជួបជុំគ្រួសារវិញ”។ អ្នកដែលបានក្លាយជាសមាជិកថ្មី ក្នុងគ្រួសាររបស់ព្រះ ក៏អាចនិយាយផងដែរថា “ពេលនេះជាពេលដែលសប្បាយបំផុត ក្នុងជីវិតខ្ញុំ”។ ពេលយើងទទួលជឿព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ យើងក្លាយជាកូនរបស់ព្រះ ហើយព្រះអង្គក្លាយជាព្រះវរបិតានៃយើង។ ព្រះគម្ពីរបានធានាយើងថា “អ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៦)។ ក្នុងនាមជាកូនរបស់ព្រះ យើងមានបងប្អូនខាងវិញ្ញាណ ដែលជាបងប្អូនប្រុសស្រី ក្នុងព្រះគ្រីស្ទ ហើយយើងទាំងអស់គ្នា មានចំណែក នៅក្នុងកេរមរតកដ៏អស់កល្បជានិច្ច(កូល៉ុស ១:១២)។ ម្យ៉ាងទៀត ព្រះវិញ្ញាណរបស់ព្រះយេស៊ូវ គង់នៅក្នុងចិត្តយើង ហើយជួយឲ្យយើងអធិស្ឋាន ទៅកាន់ព្រះវរបិតាថា អ័ប្បា ព្រះវរបិតាអើយ(កាឡាទី ៤:៦) គឺដូចកូនដែលនិយាយទៅកាន់ឪពុករបស់ខ្លួនអញ្ចឹងដែរ។ ការធ្វើជាកូនព្រះ ជាការពិសោធនឹងភាពស្និទ្ធស្នាល និងការមើលថែររបស់ព្រះ ដែលជាឪពុក ដែលស្រឡាញ់យើង និងទទួលយើង ហើយគិតអំពីយើង។ ការចូលមករស់នៅក្នុងគ្រួសាររបស់ព្រះអង្គ ជាការវិលត្រឡប់មកក្នុងគ្រួសារ ដ៏អស្ចារ្យ។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
អ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ។-ខ.២៦