សណ្តាប់ធ្នាប់មិនកើតមានដោយឯកឯងឡើយ។ ពេលខ្ញុំធ្វើការសង្កេតមើលអ្វីៗ នៅជុំវិញខ្លួនខ្ញុំ ខ្ញុំជឿថា នេះជាការពិតមែន។ ពេលដែលខ្ញុំពិចារណា អំពីការិយាល័យរបស់ខ្ញុំ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា វាពិតជាងាយនឹងមានភាពរញេរញ៉ៃប៉ុណ្ណា ហើយតើខ្ញុំត្រូវចំណាយពេលយូរប៉ុណ្ណា ដើម្បីរៀបចំឲ្យមានរបៀបរៀបរយឡើងវិញ។ សណ្តាប់ធ្នាប់តម្រូវឲ្យមានការរៀបចំ។ វាមិនកើតឡើង ដោយឯកឯងឡើយ។
ដូចនេះ ខ្ញុំមិនគួរមានការភ្ញាក់ផ្អើល ចំពោះបញ្ហានេះទេ។ ព្រះគម្ពីរបានចែង អំពីការដែលព្រះមានតួនាទី នៅក្នុងការធ្វើឲ្យភាពរញេរញ៉ៃ ក្លាយជាមានសណ្តាប់ធ្នាប់ ដែលនោះជាខ្លឹមសាដ៏សំខាន់មួយ ក្នុងព្រះគម្ពីរ។ ព្រះអង្គបានរៀបចំឲ្យមានសណ្តាប់ធ្នាប់ ពេលដែលព្រះអង្គបង្កើតប្រជាជាតិអ៊ីស្រាអែល(និក្ខមនំ ៧-១៤)។ ពេលព្រះមានបន្ទូលថា ពេលនោះជាពេលដែលត្រូវនាំរាស្រ្តរបស់ព្រះអង្គ ចេញពីនគរអេស៊ីព្ទ ស្តេចផារ៉ោនបានប្រឆាំងនឹងព្រះអង្គ។ សេដ្ឋកិច្ចរបស់នគរអេស៊ីព្ទពឹងផ្អែកទៅលើទាសក ដែលជាជនជាតិហេព្រើ ដូចនេះ ស្តេចផារ៉ោនមិនចង់ឲ្យពួកគេទៅណាទេ។ ដើម្បីឲ្យស្តេចផារ៉ោនកែប្រែគំនិត ព្រះអង្គក៏បានទម្លាក់គ្រោះចង្រៃទាំង១០ ដើម្បីឲ្យទ្រង់ព្រមដោះលែងពួកគេ។ ពួកគ្រូសីលរបស់ស្តេចផារ៉ោន អាចធ្វើត្រាប់តាម គ្រោះចង្រៃពីរ ដែលកើតឡើងមុនគេ។ តែពួកគេមិនអាចកែប្រែគ្រោះចង្រៃណាមួយឡើយ។ ពួកគេអាចបង្កើតឲ្យមានភាពវឹកវរ តែពួកគេមិនអាចធ្វើឲ្យមានសណ្តាប់ធ្នាប់បានទេ។ មានតែព្រះទេ ដែលអាចធ្វើឲ្យមានសណ្តាប់ធ្នាប់បាន។
យើងអាចរៀបចំកន្លែងរស់នៅរបស់យើង ឲ្យមានសណ្តាប់ធ្នាប់ ដោយប្រើកម្លាំងរបស់យើង តែគ្មាននរណាអាចរៀបចំជីវិតឲ្យមានសណ្តាប់ធ្នាប់ ពេលដែលមានភាពវឹកវរខាងផ្លូវចិត្ត និងផ្លូវវិញ្ញាណបានឡើយ។ មានតែព្រះទេ ដែលអាចជួយយើងបាន។ ព្រះអង្គស្អាងឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងស្ថានភាពដែលវឹកវរ ពេលដែលយើងរស់នៅតាមបំណងព្រះទ័យព្រះ ដោយមិននិយាយអាក្រក់ មានចិត្តស្លូតបូត និងសុភាព ហើយមានការបន្ទាបខ្លួន ចំពោះមនុស្សទាំងអស់(ទីតុស ៣:២)។-Julie Ackerman Link