កំណើតថ្មី
តើទារកដែលធ្វើឲ្យយើងញញឹម មានអ្វីដែលពិសេស? ជាការពិតណាស់ មនុស្សជាច្រើនទុកកិច្ចការរបស់ខ្លួនចោលសិន ដើម្បីមកផ្តុំគ្នាមើល ពេលបានឮសម្លេង ឬបានឃើញទារកដ៏គួរឲ្យស្រឡាញ់នោះ។ ខ្ញុំបានកត់សំគាល់រឿងនេះ ពេលដែលខ្ញុំមកលេងឪពុករបស់ខ្ញុំ នៅផ្ទះមើលថែរមនុស្សចាស់ជរា។ ទោះបីជាភាគច្រើននៃមនុស្សចាស់ជរាដែលស្នាក់នៅទីនោះ ត្រូវផ្លាស់ទីដោយប្រើកៅអីរុញ ហើយមានជម្ងឺវង្វេងវង្វាន់ក៏ដោយ ក៏ពន្លឺនៃក្តីអំណរអាចលេចឡើងនៅលើកែវភ្នែករបស់ពួកគេ ពេលដែលមានគ្រួសារមួយ បានមកលេងផ្ទះនោះ ដោយនាំទារកម្នាក់ មកជាមួយផង។ ពីដំបូង ពួកគេមានការស្ទាក់ស្ទើរ តែក្រោយមកពន្លឺនៃក្តីអំណរនោះ ក៏បានប្រែក្លាយជាស្នាមញញឹមនៅលើផ្ទះមុខរបស់ពួកគេ។ ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង ពេលបានឃើញដូចនេះ។ ទារកនាំឲ្យគេមានស្នាមញញឹម ប្រហែលមកពីភាពអស្ចារ្យនៃជីវិតរបស់ទារកតូចដែលទើបចាប់កំណើត ដែលមានតម្លៃណាស់ ហើយក៏មានការសន្យាជាច្រើនកំពុងរង់ចាំវា។ ការមើលឃើញទារក អាចរំឭកយើង អំពីព្រះដ៏គួរស្ញែងខ្លាចនៃយើង និងអំពីក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះអង្គស្រឡាញ់យើងណាស់ បានជាព្រះអង្គប្រទានជីវិតដល់យើង ហើយឲ្យយើងចេញជារូបរាង្គក្នុងផ្ទៃម្តាយយើង។ គឺដូចមានសេចក្តីចែងមកថា “ទ្រង់បានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ”(ទំនុកដំកើង ១៣៩:១៣)។ ព្រះអង្គមិនគ្រាន់តែបានប្រទានឲ្យយើងមានជីវិតខាងសាច់ឈាមប៉ុណ្ណោះទេ តែថែមទាំងឲ្យយើងមានកំណើតជាថ្មី ខាងវិញ្ញាណទៀតផង(យ៉ូហាន ៣:៣-៨)។ ព្រះបានសន្យាអ្នកជឿទាំងអស់ ថានឹងប្រទានរូបកាយថ្មី និងជីវិតអស់កល្ប ពេលព្រះយេស៊ូវយាងមកវិញម្តងទៀត(១កូរិនថូស ១៥:៥០-៥២)។ ជីវិតខាងសាច់ឈាម និងកំណើតជាថ្មីខាងវិញ្ញាណ គឺជាអំណោយពីព្រះហស្តព្រះវរបិតា សម្រាប់ឲ្យយើងអបអរសប្បាយ។-Alyson Kieda, អ្នកកែសម្រួលអត្ថបទរបស់អង្គការនំម៉ាណាប្រចាំថ្ងៃ។
Read article