លើសពីអ្វីដែលយើងសមនឹងទទួល
ជួនកាល ពេលដែលគេសួរខ្ញុំថា “តើអ្នកសុខសប្បាយជាទេ?” ខ្ញុំក៏បានឆ្លើយថា “ខ្ញុំសុខសប្បាយ លើសពីអ្វីដែលខ្ញុំសមនឹងទទួល”។ ខ្ញុំចាំថា មានមនុស្សម្នាក់បានប្រាប់ខ្ញុំ ដោយបំណងល្អថា ខ្ញុំសមនឹងទទួលច្រើនជាងនេះទៀត។ ខ្ញុំក៏បានតបថា ខ្ញុំជាមនុស្សមានបាប ខ្ញុំសមនឹងទទួលការជំនុំជម្រះរបស់ព្រះ។ យើងងាយនឹងភ្លេចថា យើងមានបាបច្រើនប៉ុណ្ណា។ ការលើកដំកើងខ្លួនឯងជ្រុលពេក អាចធ្វើឲ្យយើងភ្លេចថា យើងបានជំពាក់គុណព្រះអង្គខ្លាំងប៉ុណ្ណា ហើយក៏បណ្តាលឲ្យយើង កាន់តែមិនសូវឲ្យតម្លៃចំពោះការលោះបាបដែលព្រះអង្គបានធ្វើសម្រាប់យើង។ យើងត្រូវឆែកពិនិត្យមើលខ្លួនឯង! គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានរំឭកយើងថា ព្រះ“ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ”(ទំនុកដំកើង ១០៣:១០)។ ពេលដែលយើងពិចារណា អំពីអំពើបាប ដែលយើងបានធ្វើ ទាស់នឹងព្រះដ៏បរិសុទ្ធ និងយុត្តិធម៌ នោះយើងនឹងដឹងថា អ្វីដែលយើងសក្តិសមនឹងទទួលបំផុតនោះ គឺស្ថាននរក។ ហើយយើងមិនអាចចូលក្នុងនគរស្ថានសួគ៌បានឡើយ លើកលែងតែយើងបានទទួលអំណោយ នៃការលះបង់របស់ព្រះយេស៊ូវនៅលើឈើឆ្កាងប៉ុណ្ណោះ។ បើសិនជាព្រះទ្រង់មិនបានធ្វើការអ្វី លើសពីការប្រោសលោះយើងទេ នោះអ្វីៗដែលព្រះអង្គបានធ្វើ នៅតែលើសពីអ្វីដែលយើងសក្តិសមនឹងទទួលទៅទៀត។ ហេតុនេះហើយបានជាអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្តីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់”(ខ.១១)។ ពេលដែលយើងដឹងថា ខ្លួនឯងជានរណា យើងនឹងពោលឡើងថា “ឱព្រះអគុណអស្ចារ្យ ជាស័ព្ទពិរោះ!” ព្រះអង្គបានប្រទានដល់យើង លើសពីអ្វីដែលយើងសមនឹងទទួលទៅទៀត។-Joe Stowell
Read article