
ការដើរដោយប្រុងប្រយ័ត្ន
ដោយDave Branon
June 1, 2016
ខេត្តអូឆូ រីអូស ស្ថិតក្នុងចំណោមកន្លែងដែលខ្ញុំចូលចិត្តទៅលេងបំផុត ក្នុងប្រទេសចាម៉ៃកា។ ក្នុងខេត្តនោះ មានល្បាក់ទឹកទន្លេដាន់ ស៍ រីវើ ហ្វ៊ល ដែលមានទេសភាពដ៏គួរឲ្យពិចពិលរមិលមើលណាស់ បានជាខ្ញុំនៅតែស្ងើចសរសើរជានិច្ច។ មានទឹកធ្លាក់ចុះតាមថ្មដាធំៗ ជាច្រើនដំណាក់ ឆ្ពោះទៅរកសមុទ្រខារីប៊ីន។ អ្នកធ្វើដំណើរផ្សងព្រេង អាចឡើងតាមទឹកធ្លាក់នោះ ដោយជាន់ថ្មដារមូលៗ ទាំងប្រវេសប្រវាស តាមផ្លូវទៅដល់កំពូលនៃល្បាក់ទឹក។ ទឹកដែលហូរចុះមក និងផ្ទៃថ្មដែលរអិលខ្លាំង ព្រមទាំងចំណោទរបស់ល្បាក់ទឹកនេះ ធ្វើឲ្យការឡើងទៅលើ មានដំណើរយឺតៗ ហើយគ្រោះថ្នាក់។ ដើម្បីឡើងទៅដល់កំពូល ដោយសុវត្ថិភាព អ្នកឡើងទឹកជ្រោះនោះ ត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ជំហាន។ បើពួកគេមិនបានប្រយ័ត្នទេ ពួកគេអាចធ្លាក់ចុះមកក្រោម។ គន្លឹះនៃការឡើងល្បាក់ទឹកនោះ គឺការផ្តោតអារម្មណ៍ និងការប្រុងប្រយ័ត្ន។ ទិដ្ឋភាពនៃការឡើងទឹកជ្រោះនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ៥:១៥ ដែលបានប្រាប់យើងឲ្យ “ប្រយ័ត្នដោយមធ្យ័ត”។ យើងត្រូវតែ “មានការប្រុងប្រយ័ត្នខ្ពស់ … នៅក្នុងការរស់នៅ”។ ជាការពិតណាស់ យើងអាចជួបគ្រោះថ្នាក នៅតាមផ្លូវនៃជីវិតរបស់យើង ខណៈពេលដែលយើងកំពុងធ្វើដំណើរឡើងលើ។ យើងចាំបាច់ត្រូវបោះជំហាននីមួយៗ ជាមួយព្រះយេស៊ូវ ដោយប្រាជ្ញាឈ្លាសវៃ និងដោយប្រុងប្រយ័ត្ន។ បទគម្ពីរនេះ បានចែងថា មនុស្សល្ងង់រស់នៅ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈពេលដែលមនុស្សមានប្រាជ្ញា ដើរដោយការប្រុងប្រយ័ត្នគ្រប់ជំហាន ដើម្បីកុំឲ្យខ្លួនរអិលដួល។ សាវ័កប៉ុលបានមានប្រសាសន៍ថា ដើម្បីឲ្យយើងអាចសម្រេចគោលដៅ ធ្វើជា “អ្នកត្រាប់តាមព្រះ”(ខ.១) យើងត្រូវដើរដោយប្រុងប្រយ័ត្ន ដោយសេចក្តីស្រឡាញ់(ខ.២,១៥)។ តាមរយៈការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងអាចដើរ តាមរបៀបដែលថ្វាយកិត្តិនាមដល់ព្រះអង្គ។-Dave Brannon
បទគម្ពីរប្រចាំថ្ងៃ
ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ។-ខ.១៥