
ក្មេងៗក្នុងលោកិយ
ដោយDave Branon
June 15, 2016
បន្ទាប់ពីសិស្សវិទ្យាល័យមួយក្រុម បានទៅសួរសុខទុក្ខមណ្ឌលកុមារកំពា្រមួយកន្លែង ក្នុងអំឡុងពេលនៃដំណើរបេសកកម្មហើយ គេឃើញសិស្សម្នាក់មានទឹកមុខក្រៀមក្រំ។ ពេលគេសួរគាត់ពីមូលហេតុដែលគាត់មិនសប្បាយចិត្ត គាត់ក៏បានប្រាប់គេថា មណ្ឌលកុមារកំព្រានោះ បានធ្វើឲ្យគាត់នឹកចាំ អំពីស្ថានភាពនៃជីវិតរបស់គាត់ កាលពី១០ឆ្នាំមុន។ គាត់ធ្លាប់រស់នៅ ក្នុងមណ្ឌលកុមារកំព្រា នៅប្រទេសផ្សេង។ គាត់នឹកចំាថា កាលនោះ មានមនុស្សមកសួរសុខទុកគាត់ និងមិត្តភ័ក្រគាត់ ដូចសិស្សវិទ្យាល័យមួយក្រុមនេះដែរ ហើយបន្ទាប់មក ក៏ទៅវិញអស់។ យូរៗម្តង មានមនុស្សម្នាក់បានត្រឡប់មកវិញ ហើយក៏យកក្មេងណាម្នាក់ ទៅចិញ្ចឹម។ ពេលគាត់មិនឃើញមាននរណាម្នាក់ មកយកគាត់ទៅចិញ្ចឹម ដូចក្មេងដទៃទៀតក្នុងមណ្ឌល គាត់ក៏សួរខ្លួនឯងថា តើខ្ញុំមានចំណុចណាមិនល្អ? ហេតុនេះហើយបានជាគាត់នឹកឃើញរឿងដ៏កំសត់នោះ ពេលដែលសិស្សវិទ្យាល័យមួយក្រុមនោះ បានទៅសួរសុខទុក្ខមណ្ឌលកុមារកំព្រានោះ ហើយក៏ត្រឡប់ទៅវិញអស់។ ដូចនេះ ពួកគេក៏បានអធិស្ឋានឲ្យគាត់ ហើយអរព្រះគុណព្រះអង្គ ដែលបានឲ្យស្ត្រីម្នាក់(ដែលជាម្តាយចិញ្ចឹមរបស់គាត់) បានមកយកគាត់ទៅចិញ្ចឹម ដូចកូនបង្កើត។ ការបង្ហាញចេញនូវក្តីស្រឡាញ់យ៉ាងដូចនេះ បាននាំឲ្យក្មេងប្រុសម្នាក់មានក្តីសង្ឃឹមក្នុងជីវិត។ មានកុមារនៅគ្រប់ទិសទីក្នុងពិភពលោកនេះ ដែលចាំបាច់ត្រូវស្គាល់សេចក្តីស្រឡាញ់ ដែលព្រះមានចំពោះពួកគេ (ម៉ាថាយ ១៨:៤-៥ ម៉ាកុស ១០:១៣-១៦ យ៉ាកុប ១:២៧)។ ជាការពិតណាស់ យើងរាល់គ្នាមិនសុទ្ធតែអាចទៅសួរសុខទុក្ខ ឬយកក្មេងទាំងនោះទៅចិញ្ចឹមឡើយ ហើយគេក៏មិនបានរំពឹងឲ្យយើងធ្វើដូចនេះ ឲ្យបានគ្រប់គ្នាដែរ។ ប៉ុន្តែ យើងរាល់គ្នាសុទ្ធតែអាចធ្វើនូវកិច្ចការមួយដូចគ្នា គឺឧបត្ថម្ភ លើកទឹកចិត្ត បង្រៀន ហើយអធិស្ឋានឲ្យពួកគេ។ ពេលដែលយើងស្រឡាញ់ក្មេងៗក្នុងលោកិយនេះ នោះមានន័យថា យើងកំពុងតែថ្វាយព្រះកិត្តិនាម ដល់ព្រះវរបិតានៃយើង ដែលបានទទួលចិញ្ចឹមយើង ក្នុងគ្រួសាររបស់ព្រះអង្គ(កាឡាទី ៤:៤-៧)។-Dave Branon
បទគម្ពីរប្រចាំថ្ងៃ
ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្តីវេទនា។-១:២៧