ហាមបំពាន
លោកហ៊ីប៉ូក្រាធី(Hippocrates) ជាគ្រូពេទ្យរបស់ជនជាតិក្រិកសម័យបុរាណ។ មានមនុស្សជាច្រើនបានចាត់ទុកគាត់ ជាបិតានៃពេទ្យរបស់បច្ចឹមប្រទេស។ គាត់បានយល់អំពីសារៈសំខាន់នៃការអនុវត្តតាមក្រមសីលធម៌ នៅក្នុងការប្រើជំនាញពេទ្យ ហើយគេបានទទួលស្គាល់គាត់ នៅក្នុងការនិពន្ធ សៀវភៅដែលមានចំណងជើងថា ការធ្វើសច្ចាប្រណិធាណតាមបែបហ៊ីប៉ូក្រាទី ដែលនៅតែបានធ្វើជាលំនាំនៃក្រមសីលធម៌ សម្រាប់វេជ្ជបណ្ឌិតទាំងឡាយ ក្នុងសម័យបច្ចុប្បន្ន។ គន្លឹះសំខាន់នៃការធ្វើសច្ចាប្រណិធាណនោះ គឺ “មិនត្រូវធ្វើបំពាន”។ មានន័យថា គ្រូពេទ្យត្រូវធ្វើតែការអ្វី ដែលគាត់គិតថា មានប្រយោជន៍ចំពោះអ្នកជម្ងឺ។ យើងក៏អាចយកគោលការណ៍នៃការមិនធ្វើបំពាន មកប្រើនៅក្នុងទំនាក់ទំនង ជាមួយអ្នកដទៃ ក្នុងការរស់នៅជាប្រចាំថ្ងៃផងដែរ។ តាមពិតភាពសប្បុរសជាចំណុចស្នូល នៃការបង្រៀនក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីការស្រឡាញ់អ្នកដទៃ។ សាវ័កប៉ុលដឹងថា ក្រឹត្យវិន័យនីមួយៗសុទ្ធតែបង្កប់សេចក្តីស្រឡាញ់របស់ព្រះ ដូចនេះ សេចក្តីស្រឡាញ់បានឆ្លុះបញ្ចាំង អំពីក្រឹត្យវិន័យរបស់ព្រះ។ ហេតុនេះហើយបានជាគាត់មានប្រសាសន៍ថា “សេចក្តីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ ជាកិច្ចសម្រេចតាមក្រឹត្យវិន័យហើយ”(រ៉ូម ១៣:១០)។ ជារៀងរាល់ថ្ងៃ ពេលយើងដើរតាមព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះនៃយើង យើងតែងតែត្រូវធ្វើការសម្រេចចិត្ត ដែលអាចប៉ះពាល់ដល់ជីវិតអ្នកដទៃ។ ពេលយើងសម្រេចចិត្តធ្វើអ្វីមួយ ហើយគួរតែសួរខ្លួនឯងថា “តើការនេះ ឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ ដែលព្រះគ្រីស្ទមានចំពោះមនុស្សទាំងឡាយឬទេ តើខ្ញុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឬ?” ការចេះគិតបានវែងឆ្ងាយយ៉ាងដូចនេះ បង្ហាញឲ្យគេឃើញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលតែងតែសព្វព្រះទ័យនឹងប្រោសមនុស្សដែលជួបការឈឺចាប់ និងជួយដល់អ្នកដែលត្រូវការជំនួយ។-Dennis Fisher
Read article