មេរៀនអំពីការព្រួយបារម្ភ
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ បានឲ្យទឹកមួយកែវធំមកខ្ញុំ ហើយក៏បានឲ្យខ្ញុំកាន់ទឹកមួយកែវនោះឲ្យបានយូរ។ ពេលដែលខ្ញុំកាន់វាកាន់តែយូរ ខ្ញុំមានអារម្មណ៍ថា វាមានទម្ងន់កាន់តែធ្ងន់។ ទីបំផុតខ្ញុំក៏រួយដៃ ហើយខ្ញុំក៏បានដាក់កែវទឹកនោះចុះ។ គាត់ក៏បានប្រាប់ខ្ញុំថា ការនេះបានបង្រៀនគាត់ថា ការព្រួយបារម្ភអាចមានផលវិបាក មិនខុសពីការកាន់កែវទឹកនោះទេ។ កាលណាគាត់ព្រួយបារម្ភអំពីអ្វីមួយ កាន់តែយូរប៉ុណ្ណា នោះការភ័យខ្លាចក៏គ្របសង្កត់គាត់កាន់តែធ្ងន់ទៅៗផងដែរ។ យ៉ាងណាមិញ ស្តេចដាវីឌបានជ្រាបច្បាស់អំពីគ្រោះថ្នាក់នៃការភ័យខ្លាច។ មានពេលមួយ ជីវិតរបស់ទ្រង់បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ អាប់សាឡំម ដែលជាបុត្រារបស់ទ្រង់ បានដណ្តើមយកភាពស្មោះស្ម័គ្ររបស់ពួកមន្ត្រីនៃនគរអ៊ីស្រាអែលពីទ្រង់ ហើយបានព្យាយាមដណ្តើមរាជ្យទ្រង់។ ពេលនោះ ស្តេចដាវីឌមិនដឹងថា នរណាខ្លះស្ម័គ្រស្មោះចំពោះទ្រង់ ហើយមានប៉ុន្មាននាក់ដែលប្រឆាំងនឹងទ្រង់ទេ។ ដូចនេះ ទ្រង់គ្មានជម្រើសអ្វីក្រៅពីរត់គេចឡើយ។ គឺដូចដែលទ្រង់មានបន្ទូលទៅកាន់អ្នកបម្រើទ្រង់ថា “ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡំមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើងរាល់គ្នា ហើយប្រហារពួកក្រុងដោយមុខដាវ”(២សាំយ៉ូអែល ១៥:១៤)។ ពេលទ្រង់កំពុងរត់គេច ទ្រង់បាននិពន្ធទំនុកដំកើងដែលបានចែងថា “ខ្ញុំឡើងសម្លេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់”(ទំនុកដំកើង ៣:៤)។ ពេលទ្រង់កំពុងមានការភ័យខ្លាច ទ្រង់បានសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់។ ព្រះទ្រង់ក៏បានបង្ហាញព្រះគុណ ហើយជួយឲ្យទ្រង់ឡើងគ្រងរាជឡើងវិញ។ មានការព្រួយបារម្ភជាច្រើន ដែលអាចគ្របសង្កត់យើងធ្ងន់ឡើងៗ។ តែពេលដែលយើងផ្ទេរបន្ទុកទាំងអស់នោះដាច់ដល់ព្រះហស្តនៃព្រះដ៏មានចេស្តា ព្រះអង្គនឹងជួយនាំយើងឆ្លងកាត់ទុក្ខលំបាក ដោយជ័យជម្នះ។-Anne…
Read article