
វិប្បដិសារីដ៏យូរអង្វែង
ដោយBill Crowder
July 22, 2016
មានពេលមួយ ខ្ញុំបានជួបអ្នកលេងព្យាណូដ៏ជំនាញម្នាក់។ ពេលយើងកំពុងជជែកគ្នា នាងក៏បានសួរថា តើខ្ញុំចេះលេងឧបករណ៍តន្រ្តីណាមួយឬទេ? ខ្ញុំក៏បានឆ្លើយថា “ខ្ញុំចេះបើកវិទ្យុស្តាប់តន្រ្តី”។ នាងក៏អស់សំណើច ហើយក៏បានសួរថា តើខ្ញុំចង់ចេះលេងឧបករណ៍តន្រ្តីណាមួយឬទេ? ខ្ញុំក៏បានឆ្លើយដោយការអៀនខ្មាស់ថា “កាលនៅក្មេង ខ្ញុំធ្លាប់រៀនព្យាណូ តែខ្ញុំរៀនបានតែបន្តិច ហើយក៏ឈប់រៀនទៅ”។ សព្វថ្ងៃនេះ ខ្ញុំធំពេញវ័យហើយ ខ្ញុំមានការស្តាយក្រោយ ដែលមិនបានរៀនព្យាណូឲ្យចេះដូចគេ។ ខ្ញុំចូលចិត្តតន្រ្តី បើសិនជាខ្ញុំអាចលេងភ្លេងនៅថ្ងៃនេះ មិនដឹងជាល្អយ៉ាងណាទេ។ ការសន្ទនានៅថ្ងៃនោះ បានរំឭកខ្ញុំថា ក្នុងការរស់នៅ យើងមានការសម្រេចចិត្តជាញឹកញាប់ ហើយមានការសម្រេចចិត្តខ្លះ បាននាំមកនូវការស្តាយក្រោយ។ ការសម្រេចចិត្តខ្លះបាននាំមកនូវវិប្បដិសារីដែលកាន់តែធ្ងន់ធ្ងរ និងឈឺចាប់ជាមុនទៀត។ ស្តេចដាវីឌបានជួបបញ្ហានេះ ពេលដែលទ្រង់សម្រេចព្រះទ័យប្រព្រឹត្តអំពើផឹតក្បត់ជាមួយប្រពន្ធរបស់បុរសម្នាក់ ដែលក្រោយមក ទ្រង់ថែមទាំងបានសម្លាប់បុរសនោះទៀត។ ទ្រង់ក៏បានរៀបរាប់អំពីទោសកំហុសមួយនេះ ដែលធ្វើឲ្យទ្រង់មានសេចក្តីទុក្ខយ៉ាងខ្លាំង។ គឺដូចដែលទ្រង់បានមានបន្ទូលថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួតដូចជារដូវក្តៅ”(ទំនុកដំកើង ៣២:៣-៤)។ ប៉ុន្តែ ស្តេចដាវីឌបានទទួលស្គាល់ និងសារភាពអំពើបាបរបស់ទ្រង់ នៅចំពោះព្រះ ហើយក៏បានទទួលការអត់ទោសបាប(ខ.៥)។ ពេលដែលការសម្រេចចិត្តរបស់យើង នាំមកនូវវិប្បដិសារីដ៏ឈឺចាប់ គឺមានតែព្រះទេដែលអាចប្រទាននូវព្រះគុណនៃការអត់ទោសបាប។ ហើយមានតែនៅក្នុងព្រះអង្គប៉ុណ្ណោះ ដែលយើងអាចរកឃើញប្រាជ្ញា ដើម្បីធ្វើការសម្រេចចិត្តឲ្យបានល្អជាងមុខ។-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ បានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ។-ខ.៣