សញ្ញាសំគាល់របស់គ្រួសារ
ប្រជុំកោះអារ៉ាន មានទីតាំងនៅឆ្នេរខាងលិច នៃប្រទេសអៀរឡង់។ នៅទីនោះមានភាពល្បីល្បាញ ដោយសារប្រជាជននៅទីនោះ ពូកែចាក់អាវរងាពីរោមចៀមយ៉ាងស្រស់ស្អាត។ ភាគច្រើននៃអាវចាក់ទាំងនោះ មានការផ្សាភ្ជាប់នឹងវប្បធម៌ និងរឿងនិទាននៅប្រជុំកោះតូចៗទាំងនោះ ប៉ុន្តែ អាវចាក់ខ្លះមានលក្ខណៈជាបុគ្គល។ គ្រួសារនីមួយៗ នៅលើកោះនោះ មានរចនាបថនៃការចាក់អាវរៀងៗខ្លួន ដែលមានសញ្ញាសំគាល់ពិសេសខុសៗគ្នា បានជានៅពេលដែលមានអ្នកនេសាទណាលង់ទឹកស្លាប់ គេអាចពិនិត្យដឹងអត្តសញ្ញាណរបស់សព ដោយគ្រាន់តែមើលរចនាបថនៃអាវចាក់ ដែលសពនោះបានពាក់ក៏បាន។ សំបុត្រទីមួយរបស់សាវ័កយ៉ូហាន បានពិពណ៌នាអំពីសញ្ញាសំគាល់របស់អ្នកដែលជាសមាជិកនៃគ្រួសារព្រះ។ ក្នុង១យ៉ូហាន ៣:១ សាវ័កយ៉ូហានបានបញ្ជាក់ថា យើងជាផ្នែកមួយនៃគ្រួសាររបស់ព្រះ គឺដូចដែលគាត់បានមានប្រសាសន៍ថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”។ បន្ទាប់មក គាត់ក៏បានរៀបរាប់អំពីសញ្ញាសំគាល់របស់អ្នកដែលជាកូនរបស់ព្រះថា “ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ”(៤:៧)។ ដោយសារ “សេចក្តីស្រឡាញ់មកពីព្រះ” នោះវិធីដ៏ល្អបំផុត ដើម្បីឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះវរបិតា គឺយើងត្រូវបង្ហាញចេញនូវសេចក្តីស្រឡាញ់ ដែលជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ។ ចូរយើងអនុញ្ញាតឲ្យសេចក្តីស្រឡាញ់ព្រះអង្គ ឈោងចាប់អ្នកដទៃ តាមរយៈយើង ដ្បិតសេចក្តីស្រឡាញ់ជាសញ្ញាសំគាល់របស់គ្រួសារយើង។-Dennis Fisher
Read article