ពេលដែលខ្ញុំកំពុងរង់ចាំពិធីបញ្ចុះអដ្ឋិធាតុរបស់ម្តាយខ្ញុំ ខ្ញុំក៏បានអង្គុយយ៉ាងស្ងាត់ស្ងៀមនៅក្បែរផ្នូររបស់ឪពុកខ្ញុំ។ អ្នកដឹកនាំកម្មវិធីបុណ្យសព ក៏បានកាន់កោដដាក់ធាតុម្តាយខ្ញុំមក។ ចិត្តខ្ញុំបានស្លុត ហើយគំនិតខ្ញុំក៏រកគិតអ្វីមិនឃើញ។ ក្នុងរយៈពេលតែ៣ខែសោះ ខ្ញុំត្រូវបាត់បង់ម្តាយខ្ញុំម្នាក់ទៀតហើយ តើឲ្យខ្ញុំកាត់ចិត្តយ៉ាងដូចម្តេចបាន? ពេលនោះ ខ្ញុំមានអារម្មណ៍បាត់បង់ និងឯកកោ នៅក្នុងសេចក្តីទុក្ខជាទម្ងន់ ហើយក៏មានអារម្មណ៍ថាអស់សង្ឃឹមបន្តិចបន្តួចផង ក្នុងការប្រឈមមុខនឹងពេលអនាគត ដោយគ្មានពួកគាត់។
បន្ទាប់មកលោកគ្រូគង្វាលក៏បានអានបទគម្ពីរ ដែលនិយាយអំពីកន្លែងបញ្ចុះសពរបស់ព្រះយេស៊ូវ យ៉ាងដូចនេះថា : នៅថ្ងៃទីមួយនៃសប្តាហ៍ ពួកសិស្សស្រីៗបានទៅផ្នូរព្រះអង្គទាំងព្រឹកព្រលឹម ដើម្បីអប់សពព្រះអង្គ(ម៉ាថាយ ២៨:១ និងលូកា ២៤:១)។ ខណៈពេលដែលពួកគេកំពុងមានការងឿងឆ្ងល់ ដោយឃើញផ្នូរនៅចំហរ មានទេវតាមួយអង្គបានលេចមកមានបន្ទូលថា “កុំឲ្យភ័យអី”(ម៉ាថាយ ២៨:៥)។ ពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាច ដោយសារផ្នូរនៅទទេរ ឬខ្លាចទេវតាឡើយ ដ្បិតទេវតាមានដំណឹងល្អ សម្រាប់ប្រាប់ពួកគេ។
ពួកគេក៏មានសង្ឃឹមឡើង ពេលដែលបានឮទេវតាមានបន្ទូលថា “តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ”(ខ.៦)។ ដោយសារព្រះយេស៊ូវបានមានព្រះជន្មឡើងវិញ នោះព្រះអង្គបានឈ្នះសេចក្តីស្លាប់ហើយ! ព្រះយេស៊ូវបានរំឭកពួកសិស្សព្រះអង្គ មុនពេលព្រះអង្គសុគតថា “ដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ”(យ៉ូហាន ១៤:១៩)។
ទោះបីជាយើងបានសោកសង្រេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ក៏ដោយ ក៏យើងនៅតែអាចរកឃើញក្តីសង្ឃឹម តាមរយៈការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ និងតាមរយៈការដែលព្រះអង្គបានសន្យាថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងបានទៅរស់នៅអស់កល្បជានិច្ចជាមួយព្រះអង្គ។-Anne Cetas