
កិច្ចការនៃសន្តិភាព
ដោយDavid C. McCasland
September 8, 2016
គេមិននឹកស្មានថា ព្រះវិហារដ៏តូចមួយ ក្នុងក្រុងអ៊ុមបាហ្គ័រ រដ្ឋតិចសាស់ ជាកន្លែងដែលមានស្នាដៃសិល្បៈអន្តរជាតិនោះទេ។ ប៉ុន្តែ ពេលដែលសង្រ្គាមលោកលើកទី២ កំពុងឆ្ពោះទៅរកទីបញ្ចប់ មានអ្នកទោសសង្រ្គាម ដែលជាជនជាតិអ៊ីតាលី៧នាក់ នៅក្នុងជំរុំឃុំឃាំងដ៏ធំមួយ នៅក្បែរព្រះវិហារនោះ ត្រូវបានគេជ្រើសរើសឲ្យជួយតុបតែងជញ្ជាំងឥដ្ឋរបស់ព្រះវិហារនោះ ដែលនៅទទេនៅឡើយ។ អ្នកទោសសង្រ្គាមទាំងនោះមានការស្ទាក់ស្ទើរ មិនចង់ជួយជនជាតិអាមេរិកដែលជាអ្នកឃុំឃាំងពួកគេទេ ប៉ុន្តែ ពួកគេបានយល់ព្រមជួយ ដោយដាក់លក្ខខណ្ឌថា គេត្រូវចាត់ទុកការប្រឹងប្រែងរបស់ពួកគេ ជាការបរិច្ចាកចំពោះការរាប់អានគ្នាជាបងប្អូន និងការយោគយល់គ្នា ក្នុងនាមជាគ្រីស្ទបរិស័ទ។ តែខណៈពេលដែលពួកគេកំពុងគូរូបគំនូរ និងឆ្លាក់រូប ដែលស្តីអំពីពិធីលៀងព្រះអម្ចាស់ ពួកគេស្រាប់តែមានអារម្មណ៍ល្អ បង្ហូរចេញមកក្នុងចំណោមពួកគេ ដោយឯកឯង។ ពួកគេក៏ឈប់និយាយគ្នា អំពីសង្រ្គាម និងអតីតកាល ព្រោះពួកគេដឹងថា ខ្លួនកំពុងនៅទីនោះ ដើម្បីធ្វើកិច្ចការនៃសន្តិភាព និងសេចក្តីស្រឡាញ់។ ជីវិតរបស់យើងមានបញ្ហាជាច្រើន ដែលធ្វើឲ្យយើងពិបាកនឹងស្គាល់សន្តិភាពរបស់ព្រះ។ យើងអាចមានអារម្មណ៍ថា ខ្លួនកំពុងជាប់ឃុំ ដោយអារម្មណ៍ដ៏ពិបាក ដោយទំនាក់ទំនងដែលល្អក់កករ និងដោយកាលៈទេសៈ ដែលទាល់ច្រកជាដើម។ ប៉ុន្តែ សន្តិភាពអាចរំដោះយើងចេញ មិនថាយើងនៅទីកន្លែងណា ឬនៅពេលណាក៏ដោយ។ សាវ័កយ៉ាកុបបានរំឭកយើងថា “ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង”(យ៉ាកុប ៣:១៧-១៨)។ នៅថ្ងៃនេះ ទោះយើងកំពុងស្ថិតនៅទីណាក៏ដោយ ចូរយើងទូលសូមឲ្យព្រះអម្ចាស់ប្រើយើង ឲ្យធ្វើជាអ្នកផ្សះផ្សារបស់ព្រះអង្គ។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង។-ខ.១៨