ពេលដែលខ្ញុំទើបតែទទួលជឿព្រះ ខ្ញុំនៅមានការភ័យខ្លាចជាច្រើន។ ខ្ញុំខ្លាចពេលដែលព្រះយេស៊ូវយាងមកវិញ ព្រះអង្គនឹងបើកបង្ហាញឲ្យគេគ្រប់គ្នា ឃើញអំពើបាបទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត។ ប៉ុន្តែ សព្វថ្ងៃ ខ្ញុំដឹងថា ព្រះអង្គបានសម្រេចព្រះទ័យមិននឹកចាំអំពើបាបណាមួយ របស់ខ្ញុំទៀតទេ។ ព្រះអង្គបានកប់អំពើបាបរបស់ខ្ញុំ នៅក្នុងបាទសមុទ្រដ៏ជ្រៅ ហើយនឹងមិនបើកកកាយ យកមកពិនិត្យសើរើឡើងវិញឡើយ។
អ្នកស្រីអេមី ខាម៉ៃឃល(Amy Carmichael) បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “កាលពីពីរបីថ្ងៃមុន ខ្ញុំបានសញ្ជឹងគិត អំពីអតីតកាល ដោយទុក្ខព្រួយក្នុងចិត្ត ដោយសារខ្ញុំមានអំពើបាប និងកំហុសជាច្រើនរាប់មិនអស់។ ខ្ញុំក៏បានអានបទគម្ពីរ អេសាយ ជំពូក៤៣ ហើយក្នុងខ.២៤ និង២៥ ខ្ញុំក៏បានដឹងខ្លួនថា “ព្រះអង្គបានផ្ទុកអំពើបាបរបស់ខ្ញុំ ហើយព្រះអង្គនេះហើយ ជាអ្នកដែលលុបអំពើរំលងរបស់ខ្ញុំចេញ ដោយយល់ដល់ព្រះអង្គទ្រង់ ហើយព្រះអង្គមិននឹកចាំអំពើបាបរបស់ខ្ញុំទៀតឡើយ”។
ជាការពិតណាស់ ពេលព្រះអម្ចាស់យើងទ្រង់យាងមកវិញ ព្រះអង្គ “នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនិងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្តីសរសើរពីព្រះរៀងខ្លួន”(១កូរិនថូស ៤:៥)។ នៅថ្ងៃនោះ ភ្លើងនឹងសាកមើលការដែលម្នាក់ៗ ធ្វើឲ្យដឹងជាយ៉ាងណា ហើយយើងនឹងបានរង្វាន់ ឬមានការខូចខាត តែយើងដែលជាអ្នកជឿព្រះ នឹងមិនទទួលការជំនុំជម្រះ សម្រាប់អំពើបាបរបស់យើងឡើយ(៣:១១-១៥)។ ព្រះទ្រង់ជ្រាបថា ព្រះគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់យើង។ “ព្រះអង្គនឹងមិននឹកចាំអំពើបាបរបស់យើងឡើយ”។-David Roper