
ភាពល្វីងជូរចត់
ដោយM. Stroud
September 14, 2016
ពេលដែលស្វាមីរបស់អ្នកស្រីជែននី(Jenny) ចាកចោលគាត់ ទៅរួមរស់ជាមួយស្ត្រីម្នាក់ អ្នកស្រីជែននីបានស្បថថា គាត់នឹងមិនជួបប្រពន្ធក្រោយរបស់ប្តីគាត់ជាដាច់ខាត។ ប៉ុន្តែ ក្រោយមក គាត់ក៏បានដឹងថា ភាពល្វីងជូរចត់ដែលដក់ជាប់ក្នុងចិត្តគាត់ កំពុងតែបំផ្លាញទំនាក់ទំនងដែលកូនៗរបស់គាត់ មានជាមួយឪពុករបស់ពួកគេ បានជាគាត់ទូលសូមឲ្យព្រះអង្គជួយ ឲ្យគាត់អាចបោះជំហាន ឆ្ពោះទៅរកការជម្នះភាពល្វីងជូរចត់ ក្នុងស្ថានភាពដែលគាត់មិនអាចកែប្រែបាន។ បទគម្ពីរលោកុប្បត្តិ ជំពូក១៦ បានចែងអំពីប្តីប្រពន្ធមួយគូ ដែលព្រះទ្រង់បានសន្យាប្រទាន ឲ្យពួកគេមានកូនប្រុសម្នាក់។ ពេលនោះ នាងសារ៉ាយមិនបានទុកចិត្តទាំងស្រុងថា ព្រះទ្រង់នឹងប្រទានកូននោះ តាមព្រះបន្ទូលសន្យាទេ បានជានាងក៏បានឲ្យប្តីនាងមានកូនជាមួយនាងហាការ ដែលស្រីបម្រើ។ ពេលកូននោះកើតមក នាងហាការក៏បានមើលងាយនាងសារ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើយនាងសារ៉ាយក៏មានចិត្តល្វីងជូរចត់(ខ.៥-៦)។ នាងហាការធ្លាប់តែធ្វើជាទាសករ ដែលគ្មានសិទ្ធិសេរីភាព តែនាងស្រាប់តែក្លាយជាមនុស្សពិសេស។ តើនាងសារ៉ាយបានឆ្លើយតបយ៉ាងដូចម្តេចខ្លះ? គឺនាងបានឆ្លើយតប ដោយស្តីបន្ទោសអ្នកដទៃ រួមទាំងលោកអាប់រ៉ាមជាប្តីផងដែរ(ខ.៥)។ តែក្រោយមក ព្រះបន្ទូលសន្យារបស់ព្រះក៏បានសម្រេច ពេលអ៊ីសាក់ចាប់កំណើត ១៤ឆ្នាំក្រោយមក។ សូម្បីតែ ពិធីជប់លៀងអបអរអ៊ីសាក់ក៏ត្រូវធ្វើឲ្យខូច ដោយសារអាកប្បកិរិយ៉ារបស់នាងសារ៉ាយ ដែលមានចិត្តល្វីងជូរចត់នោះផងដែរ(២១:៨-១០)។ នាងស៉ារ៉ាយមានការពិបាក ក្នុងការទទួលយកផលវិបាកនៃការសម្រេចចិត្ត ឲ្យលោកអាប់រ៉ាមមានកូនជាមួយនាងហាការ មុនពេលព្រះទ្រង់សម្រេចព្រះបន្ទូលសន្យា។ មានតែការអស្ចារ្យនៃព្រះគុណព្រះប៉ុណ្ណោះ ដែលអាចកែប្រែអត្តចរិករបស់នាងបាន ហើយអ្វីៗក៏នឹងមានការផ្លាស់ប្តូរទន្ទឹមនឹងនោះផងដែរ។ នាងសារ៉ាយបានសម្រេចចិត្តជ្រុលហួសទៅហើយ គឺមិនអាចបកក្រោយបានទេ ប៉ុន្តែ តាមរយៈកម្លាំងរបស់ព្រះ នាងអាចរស់នៅជាមួយនឹងផលវិបាកនោះបាន ព្រមទាំងថ្វាយសិរីល្អដល់ព្រះអង្គផង។-Marion Stroud
បទគម្ពីរប្រចាំថ្ងៃ
សូមឲ្យសេចក្តីកំហុសរបស់ខ្ញុំធ្លាក់ទៅលើអ្នកចុះ … សូមឲ្យព្រះយេហូវ៉ាជំនុំជំរះរឿងរបស់យើងចុះ។-១៦:៥