ការបញ្ចប់ដ៏រីករាយ

ព្រះគម្ពីរបរិសុទ្ធមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ដែលគួរឲ្យកត់សំគាល់ណាស់។ ព្រះនិងមនុស្សជាតិ មានការកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីមនុស្សដំបូងមិនស្តាប់បង្គាប់ព្រះអង្គ តែនៅទីបំផុត ការផ្សះផ្សាក៏កើតមានឡើង តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ហើយបណ្តាសាក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣ ក៏ព្រះអង្គបានដកចេញផងដែរ។ ព្រះគម្ពីរលោកុប្បត្តិបានពិពណ៌នាអំពីសួនច្បារអេដែន ហើយទន្ទឹមនឹងនោះ ព្រះគម្ពីរវិវរណៈក៏បានលើកឡើង អំពីទន្លេ និងដើមជីវិត(វិវរណៈ ២២:១-២)។ ប៉ុន្តែ ព្រះគម្ពីរវិវរណៈបានលើកឡើង អំពីទីក្រុងដ៏អស្ចារ្យ ជំនួសឲ្យការនិយាយអំពីសួនច្បារអេដែន គឺទីក្រុងដែលមានពេញដោយអ្នកថ្វាយបង្គំព្រះ។ នៅទីនោះ ផ្ទៃមេឃនឹងមិនប្រែជាងងឹត ដោយសារសេចក្តីស្លាប់ ឬទុក្ខព្រួយឡើយ។ ពេលដែលយើងភ្ញាក់ដឹងខ្លួនឡើង ឃើញផ្ទៃមេឃ និងផែនដីថ្មី យើងនឹងបានស្គាល់សុភមង្គលដែលគ្មានទីបញ្ចប់។

នគរស្ថានសួគ៌មិនគ្រាន់តែជាអ្វីដែលមនុស្សមាន ក្នុងគំនិត ឬក្នុងជំនឿរបស់ខ្លួនប៉ុណ្ណោះឡើយ។ តែនគរស្ថានសួគ៌ ជាគោលដៅចុងក្រោយ របស់អ្នកជឿព្រះ ដែលព្រះអង្គបានរាប់ជាសុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធមិនបាននិយាយ ដោយលាក់លាម អំពីសោកនាដកម្ម និងការខកចិត្តរបស់មនុស្សឡើយ។  តើមានសៀវភៅណា  ដែលបាននិយាយអំពីសេចក្តីទុក្ខរបស់មនុស្សជាតិ ដោយភាពស្មោះត្រង់ ដូចព្រះគម្ពីរឬទេ? ប៉ុន្តែ ព្រះគម្ពីរពិតជាបានបញ្ជាក់ថា ទុក្ខវេទនារបស់មនុស្សនៅលើផែនដី គឺជាការឈឺចាប់បណ្តោះអាសន្ន។ ទុក្ខលំបាកដែលយើងមាន ក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរនៅជារហូតទេ។ នៅទីបញ្ចប់ ព្រះទ្រង់នឹងបញ្ចប់ការអាក្រក់គ្រប់យ៉ាង ដែលមានក្នុងលោកិយនេះ។

សម្រាប់អ្នកដែលមានអារម្មណ៍ថា ខ្លួនកំពុងជាប់ក្នុងការឈឺចាប់ ជម្ងឺ ការបាក់បែកគ្រួសារ ការលំបាកផ្នែកសេដ្ឋកិច្ច ឬកំពុងមានការភ័យខ្លាច ព្រះទ្រង់បានសន្យាថា នគរស្ថានសួគ៌គឺជាកន្លែង ដែលមានផាសុខភាព មានភាពពេញបរិបូរ ក្តីអំណរ និងសន្តិភាព។ ព្រះគម្ពីរបានចាប់ផ្តើម ដោយការសន្យាថា នឹងមានព្រះសង្រ្គោះមួយអង្គ(លោកុប្បត្តិ ៣:១៥) ហើយបញ្ចប់ទៅវិញ ដោយការសន្យា(វិវរណៈ ២១:១-៧) ដែលជាការធានា អំពីរង្វាន់ និងព្រះពរដែលនឹងមានជាពិត សម្រាប់អស់អ្នកដែលជឿព្រះយេស៊ូវគ្រីស្ទ។ ចុងបញ្ចប់នឹងក្លាយជាការចាប់ផ្តើម។-Philip Yancey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles