វីវរៈបុរសម្នាក់ទៀត នៃបុណ្យណូអែល
កាលពីមុនមក ខ្ញុំមិនបានគិតដល់សារៈសំខាន់នៃតួនាទីរបស់លោកយ៉ូសែប នៅក្នុងរឿងបុណ្យណូអែលទេ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានក្លាយជាស្វាមី និងឪពុកម្នាក់ ខ្ញុំក៏បានឲ្យតម្លៃកាន់តែខ្លាំង ចំពោះបុគ្គលិកលក្ខណៈដ៏សុភាពរបស់លោកយ៉ូសែប។ ពេលដែលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់បានសម្រេចចិត្តថា គាត់នឹងមិនធ្វើឲ្យនាងខ្មាស់គេ ឬដាក់ទោសនាងឡើយ(ម៉ាថាយ ១:១៩)។ ខ្ញុំមានការស្ងើចសរសើរចំពោះការស្តាប់បង្គាប់ និងការបន្ទាបខ្លួនរបស់គាត់ ដ្បិតគាត់មិនគ្រាន់តែបានធ្វើតាមបង្គាប់របស់ព្រះប៉ុណ្ណោះទេ(ខ.២៤) ប៉ុន្តែ ថែមទាំងមិនបានរួមដំណេកជាមួយនឹងនាងម៉ារា មុនពេលដែលព្រះយេស៊ូវប្រសូត្រឡើយ(ខ.២៥)។ យើងដឹងទៀតថា ក្រោយមក លោកយ៉ូសែបបានស្ម័គ្រចិត្តភៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន ដើម្បីការពារព្រះឱរសយេស៊ូវ(២:១៣-២៣)។ សូមយើងស្រម៉ៃថា លោកយ៉ូសែប និងនាងម៉ារាបានទទួលសម្ពាធប៉ុណ្ណា ពេលដែលពួកគេដឹងថា ខ្លួនត្រូវមើលថែរ និងចិញ្ចឹមបីបាច់ព្រះយេស៊ូវ។ បើអ្នកជាពួកគេវិញ តើអ្នកនឹងមានអារម្មណ៍ស្មុគ្រស្មាញ និងទទួលរងសម្ពាធខ្លាំងប៉ុណ្ណា ពេលដែលព្រះរាជបុត្រានៃព្រះរស់នៅជាមួយអ្នក ជារៀងរាល់ថ្ងៃ ដោយអ្នកត្រូវសម្អាតខ្លួនជាបរិសុទ្ធជានិច្ច ដើម្បីនៅក្បែរព្រះអង្គ។ តើលោកយ៉ូសែបត្រូវមានលក្ខណៈជាមនុស្សល្អប៉ុណ្ណា ដើម្បីឲ្យអាចទទួលកិច្ចការដែលព្រះទ្រង់ឲ្យធ្វើនោះ? គាត់ពិតជាបានធ្វើជាគំរូដ៏ល្អ សម្រាប់ឲ្យយើងយកតម្រាប់តាម ទោះយើងកំពុងចិញ្ចឹមកូន ឬមើលថែរអ្នកដទៃ ដែលព្រះប្រទានមកក៏ដោយ។ សូមព្រះប្រទានឲ្យយើងមានកម្លាំង ឲ្យមានចិត្តស្មោះត្រង់ និងការស្តាប់បង្គាប់ ដូចលោកយ៉ូសែប ទោះបីជាយើងមិនយល់ច្បាស់ អំពីផែនការរបស់ព្រះអង្គក៏ដោយ។-Randy Kilgore
Read article