
អ្វីដែលសំខាន់បំផុត
ដោយBill Crowder
December 23, 2016
ពេលដែលកូនៗរបស់ខ្ញុំ កំពុងរស់នៅជុំគ្នាជាមួយខ្ញុំ យើងមានប្រពៃណីប្រារព្ធបុណ្យណូអែល នៅពេលព្រឹកដ៏មានន័យបំផុត។ ប្រពៃណីនោះគឺសាមញ្ញទេ។ ក្រុមគ្រួសាររបស់ខ្ញុំបានមកជួបជុំគ្នា នៅជុំវិញដើមណូអែល ហើយខណៈពេលយើងចែកអំណោយឲ្យគ្នាទៅវិញទៅមក យើងក៏បានអានរឿងបុណ្យណូអែលជាមួយគ្នា។ យើងគួរចាំថា មូលហេតុដែលយើងឲ្យអំណោយគ្នាទៅវិញទៅមក នៅថ្ងៃបុណ្យណូអែល គឺមិនមែនដោយសារពួកហោរា ដែលបានយកអំណោយមកថ្វាយព្រះឱរសយេស៊ូវនោះទេ។ តាមពិត អំណោយនៃក្តីស្រឡាញ់ដែលយើងឲ្យគ្នាទៅវិញទៅមក គឺជាការឆ្លុះបញ្ចាំងអំពីអំណោយដ៏អស្ចារ្យបំផុត នៃក្តីស្រឡាញ់ដែលព្រះបានប្រទានមកយើងរាល់គ្នា។ ពេលដែលពួកជំនុំមានការសម្តែងរឿងបុណ្យណូអែល ដែលនិយាយអំពីពួកទេវតា ពួកអ្នកគង្វាល និងស្នូកសត្វ យើងគួរនឹកចាំថា កិច្ចការដ៏ច្រើនសន្ធឹកដែលព្រះបានធ្វើសម្រាប់យើង នៅយប់បុណ្យណូអែលដំបូងបំផុត គឺមានពេញដោយសេចក្តីស្រឡាញ់ដ៏លើសលប់ គឺមានន័យជាងសេចក្តីស្រឡាញ់ដែលយើងបង្ហាញចំពោះគ្នាទៅវិញទៅមក។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងអំណោយដែលព្រះបានប្រទានយើង ក្នុងព្រះរាជបុត្រាព្រះអង្គ គឺដូចដែលសាវ័កប៉ុលបានរៀបរាប់ នៅក្នុងសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូសថា “អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន”(២កូរិនថូស ៩:១៥)។ ជាការពិតណាស់ ព្រះទ្រង់បានស្ម័គ្រព្រះទ័យចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យមកសង្រ្គោះយើង ដែលជាអំណោយដែលមានន័យ លើសពាក្យដែលយើងអាចពិពណ៌នាបាន។ យើងត្រូវអបអរអំណោយនេះ នៅថ្ងៃបុណ្យណូអែល ដ្បិតអ្វីដែលសំខាន់បំផុតនោះ គឺព្រះគ្រីស្ទ។-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន!-ខ.១៥