
ខ្ញុំបានទទួលការប្រោសលោះហើយ!
ដោយDave Branon
January 3, 2017
ថ្ងៃមួយ ពេលអ្នកស្រីអាន(Ann) មកមើលស្វាមីរបស់គាត់ នៅមន្ទីរពេទ្យ គាត់ក៏បានជជែកគ្នាលេង ជាមួយអ្នកថែរទាំស្វាមីរបស់គាត់។ អ្នកស្រីអានចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃ ទោះគាត់នៅទីណាក៏ដោយ ហើយគាត់ក៏ស្វែងរកឱកាស និយាយប្រាប់គេអំពីព្រះយេស៊ូវផងដែរ។ អ្នកស្រីអានក៏បានសួរអ្នកមើលថែរអ្នកជម្ងឺនោះថា តើគាត់ចង់ធ្វើការងារអ្វី នៅពេលអនាគត? គាត់ក៏បានឆ្លើយថា គាត់មិនដឹងច្បាស់ទេ។ អ្នកស្រីអានក៏បានលើកទឹកចិត្តគាត់ ឲ្យស្គាល់ព្រះ ដ្បិតទ្រង់អាចជួយឲ្យគាត់ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការងារ។ បន្ទាប់មកគាត់ក៏បានលាត់ដៃអាវរបស់គាត់ ដើម្បីបង្ហាញសាក់នៅលើដើមដៃគាត់ ដែលមានសរសេរអក្សរថា “ខ្ញុំបានទទួលការប្រោសលោះហើយ”។ ពេលនោះ អ្នកទាំងពីរក៏បានដឹងថា ខ្លួនកំពុងតែបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវគ្រីស្ទ ដូចគ្នា! ហើយអ្នកទាំងពីរបានរកឃើញវិធីខុសៗគ្នា ដើម្បីបង្ហាញសេចក្តីជំនឿចំពោះព្រះមួយអង្គ ដែលបានសុគតជួសយើង ដើម្បីប្រទានជីវិតដល់យើងរាល់គ្នា។ មនុស្សត្រូវការព្រះអម្ចាស់។ យើងចាំបាច់ត្រូវស្វែងរកឱកាស និងវិធីផ្សាយ “ដំណឹងល្អ” ដល់ពួកគេ(ទំនុកដំកើង ៤០:៩)។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានចិត្តក្លាហាន នៅក្នុងការផ្សាយដំណឹងល្អនោះទេ ហើយក៏គ្មានវិធីសាស្រ្តមួយណា ដែលអាចឲ្យយើងផ្សាយដំណឹងល្អបានគ្រប់ស្ថានភាពនោះដែរ។ តែព្រះទ្រង់នឹងប្រើទីបន្ទាល់ល្អរបស់យើង និងពន្លឺរបស់ព្រះអង្គ ដែលបានចែងចាំងក្នុងជីវិតយើង ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យគេបានស្គាល់។ “ខ្ញុំបានទទួលការប្រោសលោះហើយ!” ចូរយើងអនុញ្ញាតឲ្យព្រះដឹកនាំយើង ឲ្យរកឃើញវិធិ និងឱកាសប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះរបស់យើង!-Dave Branon
បទគម្ពីរប្រចាំថ្ងៃ
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់ ចូរសំដែងចេញនូវសេចក្តីសង្គ្រោះ របស់ទ្រង់រាល់តែថ្ងៃតទៅ។-ទំនុកដំកើង ៩៦:២