ជារៀងរាល់ពេលព្រឹក ពេលដែលខ្ញុំទៅដល់ការិយាល័យ ខ្ញុំមានទម្លាប់ដ៏សាមញ្ញមួយ គឺខ្ញុំតែងតែបើកមើលក្នុងប្រអប់សំបុត្រអេឡិចត្រូនិច មុនពេលចាប់ផ្តើមធ្វើការ។ ភាគច្រើន ខ្ញុំបើកមើលសំបុត្រទាំងនោះ តាមសម្រួល ដោយគ្មានចិត្តអន្ទះសារទេ។ តែមានសំបុត្រខ្លះ ខ្ញុំចង់បើកមើលភ្លាមៗ ព្រោះវាជាសំបុត្រដែលមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានផ្ញើមក។
មានមនុស្សជាច្រើនបាននិយាយថា ព្រះគម្ពីរបរិសុទ្ធ ជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើងរាល់គ្នា។ ប៉ុន្តែ ប្រហែលជាមានថ្ងៃខ្លះ យើងមិនមានអារម្មណ៍ចង់បើកមើលទេ ហើយចិត្តរបស់យើង ក៏មិនបានស្របតាម ពាក្យសម្តីរបស់បទគម្ពីរទំនុកដំកើង ដែលបានចែងថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះ ជាដរាបរាល់ថ្ងៃ!”(ទំនុកដំកើង ១១៩:៩៧)។ បទគម្ពីរគឺជា “សេចក្តីបង្គាប់”(ខ.៩៨) ជា “សេចក្តីបន្ទាល់”(ខ.៩៩) ជា “បញ្ញតិ្ត”(ខ.១០០) និងជា “ព្រះបន្ទូលរបស់ព្រះ”(ខ.១០១)។
លោកថូម៉ាស មែនថុន(Thomas Manton, ឆ្នាំ ១៦២០-១៦៧៧) ដែលជាសាស្ត្រាចារ្យ នៅសាលាព្រះគម្ពីរវេសមីនស្ទ័រ អ័បេយ បានចោទជាសំណួរមួយ ដែលនៅតែមានសារៈសំខាន់ សម្រាប់យើងសព្វថ្ងៃ។ គាត់បានសួរថា “នរណាជាអ្នកនិពន្ធព្រះគម្ពីរ? គឺព្រះ… តើអ្វីជាគោលដៅនៃព្រះគម្ពីរ? គឺព្រះ។ ហេតុអ្វីបានជាព្រះគម្ពីរត្រូវបាននិពន្ធឡើង? គឺដើម្បីឲ្យយើងអាចអរសប្បាយនឹងព្រះ ដ៏មានពរ អស់កល្បជានិច្ច?”
គេថា មានមនុស្សខ្លះ ពេលដែលយើងស្គាល់ពួកគេកាន់តែច្បាស់ នោះយើងក៏សរសើរពួកគេកាន់តែតិច។ តែចំពោះព្រះវិញ កាលណាយើងស្គាល់ទ្រង់កាន់តែច្បាស់ យើងនឹងសរសើរទ្រង់កាន់តែខ្លាំង។ ពេលដែលយើងចេះព្រះបន្ទូលនៃព្រះកាន់តែច្រើន ឬស្គាល់ព្រះនៃព្រះបន្ទូលកាន់តែច្បាស់ នោះយើងកើតមានចិត្តដែលស្រឡាញ់ ដែលបណ្តាលឲ្យយើងសង្វាត នៅក្នុងការស្គាល់ទ្រង់ និងស្គាល់ព្រះបន្ទូលកាន់តែខ្លាំងឡើង។
ពេលដែលយើងបើកព្រះគម្ពីរបរិសុទ្ធ សូមចាំថា ព្រះដែលស្រឡាញ់យើងលើសអ្វីៗទាំងអស់ ទ្រង់សព្វព្រះទ័យនឹងមានបន្ទូលមកកាន់យើង តាមរយៈបទគម្ពីរ។-Poh Fang Chia