នំម៉ាណាប្រចាំថ្ងៃ
Devotional illustration

ការឆ្លើយតប ចំពោះការស្រែករកជំនួយ

ដោយJoe Stowell

January 24, 2017

កាលចៅៗរបស់ខ្ញុំនៅក្មេង កូនប្រុសខ្ញុំបាននាំពួកគេ ទៅកន្លែងមើលខ្សែភាពយន្តគំនូរជីវចលរឿង ស្តេចតោ ។ ពេលយើងមើលដល់វគ្គដែលកូនតោស៊ីមបា(Simba) ឈរមើលស្តេច មូហ្វាសា(Mufasa) ជាបិតាខ្លួន ដេកស្លាប់ ដោយសារឪពុកមាររបស់វា បានសម្លាប់ វាក៏មានការភ័យខា្លច ហើយស្រែកថា “ជួយផង ជួយផង ជួយផង!” ពេលនោះ ចៅប្រុសរបស់ខ្ញុំដែលកំពុងឈរនៅលើកៅអី មើលរឿងនេះ ក្នុងរោងភាពយន្ត ក៏បានស្រែកថា “ហេតុអ្វីក៏គ្មាននរណាជួយគាត់?” រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងបទគម្ពីរសញ្ញាចាស់ មានរឿងជាច្រើន ដែលនិយាយអំពីរាស្រ្តរបស់ព្រះស្រែករកជំនួយ។ ទោះបីជាពួកគេបាននាំឲ្យមានទុក្ខលំបាកនោះដោយខ្លួនឯង ដោយសារអំពើអាក្រក់របស់ខ្លួនក៏ដោយ ក៏ព្រះទ្រង់នៅតែសព្វព្រះទ័យនឹងជួយពួកគេ។ កាលនោះ ហោរាអេសាយ ត្រូវតែយកដំណឹងអាក្រក់ជាច្រើន មកប្រកាស់ប្រាប់ពួកបណ្តាជន តែទន្ទឹមនឹងនោះ គាត់បានផ្តល់នូវការធានាដល់ពួកគេថា “ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង … ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង”(អេសាយ ៣០:១៨-១៩)។ តែព្រះទ្រង់ច្រើនតែសព្វព្រះទ័យ ឲ្យរាស្រ្តរបស់ទ្រង់ ទៅជួយដល់អ្នកដែលស្រែករកជំនួយ(អេសាយ ៥៨:១០)។ នៅថ្ងៃនេះ មានមនុស្សជាច្រើន ដែលកំពុងតែត្រូវការជំនួយ។ យើងមានអភ័យឯកសិទ្ធិដ៏ពិសេសឲ្យទ្រង់ប្រើ ដោយស្រែកអំពាវសូមឲ្យទ្រង់ជួយពួកគេ។-Joe Stowell

បទគម្ពីរប្រចាំថ្ងៃ

ទ្រង់​នឹង​មាន​ព្រះគុណ​ចំពោះ​ឯង ដោយ​ឮ​សំឡេង​ឯង​ស្រែក​កាល​ណា​ទ្រង់​ឮ នោះ​ទ្រង់​នឹង​ឆ្លើយ​មក​ឯង។-ខ.១៩