កាលនៅពីក្មេង ខ្ញុំចូលចិត្តពិធីខួបកំណើតណាស់។ ខ្ញុំនៅចាំថា កាលនោះ ខ្ញុំកំពុងឈរយ៉ាងរំភើបរីករាយនៅមាត់ទ្វារ ដើម្បីរង់ចាំមិត្តភក្តិមកចូលរួមពិធីបុណ្យខួបកំណើតរបស់ខ្ញុំគំរប់អាយុ៥ឆ្នាំ។ ខ្ញុំមិនគ្រាន់តែមានចិត្តរំភើប ដោយសារប៉េងប៉ោង អំណោយ និងនំខួបកំណើតប៉ុណ្ណោះទេ តែក៏ដោយសារខ្ញុំដឹងថា ខ្ញុំមិនមែនអាយុ៤ឆ្នាំទៀតទេ។ ខ្ញុំកំពុងចម្រើនវ័យធំជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលខ្ញុំមានវ័យកាន់តែចាស់ ជួនកាល ពិធីខូបកំណើតធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ជាជាងមានចិត្តរំភើបរីករាយ។
កាលពីឆ្នាំទៅ ពេលដែលខ្ញុំធ្វើពិធីខួបកំណើត ខ្ញុំបានរាប់អាយុឃើញថា ខ្លួនមានអាយុច្រើនទសវត្សរ៍ហើយ។ ពេលនោះ ម៉ាធី(Martie) ភរិយារបស់ខ្ញុំ ក៏បានលើកទឹកចិត្តខ្ញុំ ដោយក្រើនរំឭកថា ខ្ញុំគួរតែដឹងគុណព្រះ ដែលបានឲ្យខ្ញុំមានវ័យចាស់ជាងមុន។ គាត់បានយកបទគម្ពីរទំនុកដំកើង ជំពូក៧១ ដែលអ្នកនិពន្ធបានចែងអំពី ព្រះវត្តមានរបស់ព្រះ ដែលគង់នៅក្នុងជីវិតគាត់ ជាប់ជានិច្ច។ គាត់បាននឹកចាំថា ព្រះបាន “ថែរក្សាគាត់ តាំងពីផ្ទៃម្តាយមក”(៧១:៦) ហើយគាត់ក៏បានថ្លែង ដោយអរព្រះគុណទ្រង់ថា “ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំ តាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់”(ខ.១៧)។ ហើយពេលដែលគាត់មានវ័យចាស់ហើយ គាត់មានកិត្តិយស នៅក្នុង “ការថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ និងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ”(ខ.១៨)។ ព្រះទ្រង់បានប្រទានពរដល់អ្នកនិពន្ធទំនុកដំកើង ដោយព្រះវត្តមានគង់នៅជាមួយ អស់មួយជីវិតគាត់។
សព្វថ្ងៃនេះ ពិធីខួបកំណើតបានរំឭកខ្ញុំ អំពីភាពស្មោះត្រង់របស់ព្រះ។ ហើយក៏បានប្រាប់ខ្ញុំថា ខ្ញុំកាន់តែជិតដល់ពេល ដែលនឹងត្រូវទៅនៅក្នុងព្រះវត្តមានព្រះ ដែលបានគង់នៅជាមួយខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។-Joe Stowell