នំម៉ាណាប្រចាំថ្ងៃ
Devotional illustration

ការជ្រើសរើសរបស់ទ្រង់

ដោយJoe Stowell

February 25, 2017

កាលកូនៗរបស់ខ្ញុំនៅតូច ខ្ញុំច្រើនតែអធិស្ឋានជាមួយពួកគេ មុនពេលពួកគេបិទភ្នែកគេង។ ប៉ុន្តែ មុនពេលខ្ញុំអធិស្ឋាន ជួនកាល ខ្ញុំអង្គុយនៅចុងគ្រែ ជជែកគ្នាលេងជាមួយពួកគេ។ ខ្ញុំនៅចាំថា កាលនោះខ្ញុំធ្លាប់ប្រាប់លីបប៊ី(Libby) កូនស្រីខ្ញុំថា  “បើកូនឈរក្នុងចំណោមក្មេងស្រីទាំងអស់ ដែលមានអាយុ៤ឆ្នាំ ក្នុងពិភពលោក នោះម៉ាក់នឹងដើរទៅរកកូន។ ហើយម៉ាក់នឹងជ្រើសរើសកូនធ្វើជាកូនស្រីរបស់ម៉ាក់”។ ពាក្យសម្តីនេះបាននាំឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខរបស់លីបប៊ី  ព្រោះនាងដឹងថា នាងជាមនុស្សពិសេស។ បើសិនជានាងបានញញឹមនៅពេលនោះ ដោយសារនាងដឹងថាខ្លួនជាមនុស្សពិសេស ចុះទំរាំតែយើងដែលបានដឹងថា ព្រះអាទិករនៃចក្រវាល “បានជ្រើសរើសយើង តាំងពីដើមដំបូងមក ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ”(២ថែស្សាឡូនិច ២:១៣)  តើយើងនឹងមានទឹកមុខញញឹមច្រើនប៉ុណ្ណា? មុនពេលកំណើតលោកិយ ទ្រង់សព្វព្រះទ័យនឹងរើសយើង ធ្វើជាកូនទ្រង់។ ហេតុនេះហើយ បានជាព្រះគម្ពីរច្រើនតែបាននិយាយ អំពីការដែលព្រះទទួលយើងជាកូន ដើម្បីឲ្យយើងដឹងថា ទោះជាយើងមិនសក្តិសម ឬគ្មានតម្លៃក៏ដោយ ក៏ទ្រង់នៅតែជ្រើសរើសយើង។ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល! ព្រះអម្ចាស់បានស្រឡាញ់យើង(ខ.១៣) ហើយទ្រង់បានឲ្យយើងអរសប្បាយ នឹងជីវិតថ្មី ក្នុងមហាគ្រួសាររបស់ទ្រង់។ សេចក្តីពិតដ៏រុងរឿងនេះ គួរតែបានបំពេញជីវិតយើង ដោយការបន្ទាបខ្លួន និងការដឹងគុណព្រះ។ “សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង … បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង ក្នុងគ្រប់ទាំងការ និងពាក្យសំដីដ៏ល្អផង”(ខ.១៦-១៧)។-Joe Stowell

បទគម្ពីរប្រចាំថ្ងៃ

ព្រះ​ទ្រង់​បាន​រើស​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​បាន​សង្គ្រោះ។-ខ.១៣