
អាវុធដែលអាចគ្រោះថ្នាក់ដល់ជីវិត
ដោយLawrence Darmani
March 1, 2017
មូហាម៉ាត់ អាលី(Muhammad Ali) ដែលជាកីឡាករប្រដាល់ ដ៏ល្បីល្បាញ បានប្រើយុទ្ធវិធីមួយចំនួន ពេលប្រកួតក្នុងសង្វៀនប្រដាល់ ដើម្បីផ្តួលគូប្រកួត ហើយការចំអកឲ្យគូប្រកួត ស្ថិតក្នុងចំណោមយុទ្ធវិធីទាំងនោះឯង។ ក្នុងការប្រកួតជាមួយនឹងចច ហ្វ៊រមែន(George Foreman) នៅឆ្នាំ១៩៧៤ អាលីបានចំអកឲ្យហ្វរមែនថា “វាយខ្ញុំឲ្យខ្លាំងជាងនេះមក! បញ្ចេញក្បាច់ឲ្យអស់មក ចច។ វៃចឹង ម៉េចឈឺ។ ខ្ញុំគិតថា អ្នកឯងអន់ណាស់”។ ហ្វ៊រមែនក៏បានផ្ទុះកំហឹង ហើយវាយសម្រុកមកលើអាលីឥតសំចៃដៃ ធ្វើឲ្យខ្ជះខ្ជាយកម្លាំងជាច្រើន ហើយធ្វើឲ្យទំនុកចិត្តរបស់គាត់ចុះខ្សោយ។ យុទ្ធវិធីមួយនេះ ត្រូវបានគេយកមកប្រើតាំងពីយូរមកហើយ។ ពេលដែលហោរានេហេមាកំពុងខិតខំដឹកនាំពួកបណ្តាជនជួសជុលកំផែងក្រុងយេរូសាឡិម ថូប៊ីយ៉ាបាននិយាយចំអកឲ្យគាត់ថា សត្វឆ្កែចចក ក៏អាចរំលំកំផែងក្រុងនោះបានដែរ(នេហេមា ៤:៣)។ ត្រង់ចំណុចនេះ ថូប៊ីយ៉ាកំពុងបំបាក់ទឹកចិត្តពួកអ្នកសាងសង់ ដោយពាក្យសម្តីដ៏ពិសពុល។ កូលីយ៉ាតក៏បានព្យាយាមធ្វើឲ្យដាវិឌបាក់ទឹកចិត្ត ដោយការចំអកឲ្យអាវុធដ៏សាមញ្ញរបស់ក្មេងម្នាក់នេះ ដែលមានតែខ្សែដង្ហក់ និងគ្រាប់គ្រួស(១សាំយ៉ូអែល ១៧:៤១-៤៤)។ ការនិយាយបំបាក់ទឹកចិត្ត អាចធ្វើជាអាវុធ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ តែនេហេមាមិនព្រមបណ្តោយខ្លួនឲ្យបាក់ទឹកចិត្ត ដោយសារពាក្យចំអករបស់ថូប៊ីយ៉ា គឺមិនខុសពីការដែលដាវីឌមិនព្រមឲ្យកូលីយ៉ាតនិយាយបង្អាប់ខ្លួននោះដែរ។ ទីបំផុត នេហេមា និងដាវីឌក៏បានទទួលជ័យជម្នះដូចគ្នា ដោយផ្តោតទៅលើព្រះ និងជំនួយរបស់ទ្រង់ ជាជាងផ្តោតទៅលើស្ថានភាពដ៏ពិបាកដែលធ្វើឲ្យបាក់ទឹកចិត្ត។ នរណាក៏អាចនិយាយចំអកឲ្យយើងដែរ គឺរាប់បញ្ចូលទាំងអ្នកដែលជិតស្និតនឹងយើង។ បើយើងឆ្លើយតបទៅពួកគេវិញ តាមរបៀបអវិជ្ជមាន គឺមានតែធ្វើឲ្យកម្លាំងយើងចុះខ្សោយប៉ុណ្ណោះ។ ប៉ុន្តែ ព្រះទ្រង់បានលើកទឹកចិត្តយើង ដោយសេចក្តីសន្យារបស់ទ្រង់ថា ទ្រង់នឹងមិនបោះបង់យើងចោលឡើយ(ទំនុកដំកើង ៩:១០ ហេព្រើរ ១៣:៥) ហើយទ្រង់ក៏បានអញ្ជើញយើង ឲ្យពឹងផ្អែកលើជំនួយរបស់ទ្រង់(ហេព្រើរ ៤:១៦)។-LAWRENCE DARMANI
បទគម្ពីរប្រចាំថ្ងៃ
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចំរើនជានិច្ច...គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ -អេសាយ ៤០:៣១