
ផ្លូវកាត់ដ៏គ្រោះថ្នាក់
ដោយKeila Ochoa
March 17, 2017
ក្នុងអំឡុងពេលនៃការបោះឆ្នោតក្នុងប្រទេសខ្ញុំ កាលពីពេលថ្មីៗនេះ មានស្រ្តីជាម្តាយម្នាក់ កំពុងមានការខ្វះខាត ហើយក៏បានលក់សន្លឹកឆ្នោតរបស់នាងឲ្យគេ ជាថ្នូរនឹងកន្ទបកូនង៉ែតមួយកញ្ចប់។ ខ្ញុំបានពិភាក្សាជាមួយគាត់ អំពីផលប្រយោជន៍នៃបេក្ខជនប្រធានាធិបតីនីមួយៗ ដែលបានឈរឈ្មោះបោះឆ្នោត ហើយខ្ញុំមានការខកចិត្តណាស់ ដែលនាងបានសម្រេចចិត្តឲ្យគេទិញទឹកចិត្តយ៉ាងដូចនេះ។ រយៈពេល៦ខែក្រោយមក បន្ទាប់ពីបេក្ខជនដែលនាងបានបោះឆ្នោតឲ្យ បានឈ្នះក្នុងការបោះឆ្នោត ប្រជាជនមានការពិបាកកាន់តែខ្លាំង ដោយសារការដំឡើងពន្ធ។ សព្វថ្ងៃនេះ ទំនិញគ្រប់មុខបានឡើងថ្លៃ ដោយរាប់បញ្ចូលទាំងកន្ទបកូនង៉ែតផង។ ក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក អំពើពុករលួយមិនមែនទើបតែកើតមានទេ។ តែភាពពុករលួយខាងវិញ្ញាណ ក៏មិនមែនទើបតែកើតមានដែរ។ សាតាំងធ្លាប់ព្យាយាមល្បួងព្រះយេស៊ូវ ឲ្យ “លក់” ឧត្តម្ភគតិរបស់ទ្រង់(ម៉ាថាយ ៤:១-១០)។ កាលនោះ មេល្បួងបានមករកទ្រង់ ពេលដែលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ វាក៏បានទូលទ្រង់ ឲ្យប្រើផ្លូវកាត់ ដើម្បីឲ្យបាននំប៉័ងក្តៅៗ ដោយប្រើការអស្ចារ្យ តាមការល្បួងរបស់វា រួចវាយកនគរក្នុងលោកិយ និងភាពរុងរឿងរបស់នគរទាំងនោះ មកល្បួងទ្រង់ទៀត។ តែព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ថា ផ្លូវកាត់នោះ ជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់។ ផ្លូវកាត់ប្រហែលជាអាចជួយឲ្យមនុស្សគេចចេញពីសេចក្តីទុក្ខ តែនៅចុងបញ្ចប់នៃផ្លូវកាត់នោះ មានការឈឺចាប់ហួសវិស័យ។ ព្រះយេស៊ូវទ្រង់ប្រើពាក្យ “មានសេចក្តីចែងទុកមកដូច្នេះ”បីដង នៅក្នុងការឆ្លើយតបការល្បួងរបស់អារក្ស(ខ.៤,៧,១០)។ ដូចនេះ ទ្រង់បានប្រកាន់ខ្ជាប់នូវសេចក្តីពិត ដែលទ្រង់បានជ្រាបពីព្រះ និងពីព្រះបន្ទូលទ្រង់ ដែលមានចែងក្នុងព្រះគម្ពីរបរិសុទ្ធ។ ពេលយើងជួបការល្បួង ព្រះទ្រង់ក៏អាចជួយយើងផងដែរ។ យើងអាចពឹងផ្អែកលើទ្រង់ និងលើសេចក្តីពិត នៃព្រះបន្ទូលទ្រង់ ដើម្បីជួយឲ្យយើងជៀសវាងប្រើផ្លូវកាត់។-Keila Ochoa
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់មានព្រះបន្ទូលប្រាប់ថា មានសេចក្តីចែងទុកមកដូច្នេះ «មនុស្សមិនមែនរស់ដោយ សារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។-ខ.៤