យុត្តិធម៌ និងសេចក្តីមេត្តា

ពេលដែលជនជាប់ចោទ ឈរនៅចំពោះមុខចៅក្រម គឺមានន័យថា គាត់នឹងត្រូវជាប់ទោស ឬរួចខ្លួន តាមការសម្រេចក្តីរបស់អង្គជំនុំជម្រះ។ បើជនជាប់ចោទជាមនុស្សស្លូតត្រង់ នោះតុលាការជាកន្លែងដែលគាត់ពឹងអាង។ តែបើគាត់មានទោស នោះគេរំពឹងថា តុលាការនឹងដាក់ទោសគាត់ ឲ្យសមនឹងកំហុស។

ក្នុងព្រះគម្ពីរណាហ៊ុម យើងឃើញថា ព្រះទ្រង់ជាទីជ្រកកោន និងហើយទ្រង់ក៏ជាចៅក្រមផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក”(១:៧)។ ប៉ុន្តែ បទគម្ពីរនេះក៏បានចែងផងដែរថា “ទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត”(ខ.៨)។ កាលពីជាង១០០ឆ្នាំមុន ទីក្រុងនីនីវេបានប្រែចិត្ត បន្ទាប់ពីលោកយ៉ូណាសបានទៅប្រកាស ដល់ប្រជាជននៅទីនោះ អំពីការអត់ទោសរបស់ព្រះ ហើយទឹកដីពួកគេក៏បានរួចពីការជំនុំជម្រះរបស់ទ្រង់(យ៉ូណាស ៣:១០)។ ប៉ុន្តែ ក្នុងសម័យហោរ៉ាណាហ៊ុម ទីក្រុងនីនីវេបានរៀបគម្រោង “ធ្វើការអាក្រក់ ទាស់ប្រឆាំងនឹងព្រះអម្ចាស់”(ណាហ៊ុម ១:១១)។  ក្នុងជំពូក៣  លោកណាហ៊ុមបានរៀបរាប់ជាលម្អិត អំពីសេចក្តីអន្តរាយ ដែលនឹងកើតឡើង នៅទីក្រុងនីនីវេ។

មនុស្សជាច្រើនបានគិតថា ព្រះមានដំណោះស្រាយតែមួយប៉ុណ្ណោះ សម្រាប់មនុស្សជាតិ គឺគ្មានដំណោះស្រាយអ្វីផ្សេងទេ។ ពួកគេគិតថា ទ្រង់បរិសុទ្ធ ហើយសព្វព្រះទ័យនឹងដាក់ទោសយើងតែប៉ុណ្ណោះ ពុំនោះទេ ទ្រង់មានពេញដោយក្តីមេត្តា ហើយសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់មនុស្ស គឺមិនជំនុំជម្រះពួកគេឡើយ។ តាមពិត ទ្រង់ជាចៅក្រម ហើយក៏ជាទីជ្រកកោនផងដែរ។ បទគម្ពីរពេត្រុសបានចែងថា ព្រះយេស៊ូវ “បានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ”(១ពេត្រុស ២:២៣)។ ហេតុនេះហើយ “ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ”(ខ.២៤)។

សេចក្តីពិតបានចែងយ៉ាងគ្រប់គ្រាន់អំពីព្រះ ជាដំណឹងល្អ សម្រាប់ឲ្យយើងអរសប្បាយ ដោយដឹងថា  ទ្រង់ជាចៅក្រមដ៏យុត្តិធម៌  តែដោយសារព្រះយេស៊ូវ  នោះយើងអាចចូលទៅជ្រកកោនក្នុងសេចក្តីមេត្តាករុណារបស់ទ្រង់។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles