ការចែករំលែកនំបឺរហ្គឺរ
លោកលី ហ្គេយប៊ីគ(Lee Geysbeek) ដែលជាប្រធាននៃអង្គការសេចក្តីអាណិតអន្តរជាតិ បានរៀបរាប់អំពីជីវិតរបស់ស្ត្រីម្នាក់ ដែលមានឱកាសធ្វើដំណើរទៅកាន់ទឹកដីដែលនៅឆ្ងាយ ដើម្បីទៅលេងក្មេងម្នាក់ ដែលនាងបានជួយឧបត្ថម្ភ។ នាងបានសម្រេចចិត្តនាំក្មេងទុរគតម្នាក់នោះ ទៅភោជ្ជនីយដ្ឋានមួយ។ ក្មេងប្រុសនោះក៏បានហៅនំហ៊ែមបឺរហ្គឺរមួយមក ហើយអ្នកឧបត្ថម្ភបានហៅម្ហូបសាឡាត់។ ពេលគេលើកអាហារនោះមកដាក់លើតុ ក្មេងប្រុសម្នាក់នោះ ក៏បានពិនិត្យមើលនំបឺរហ្គឺរនោះ ដោយគេមិនដែលបានញាំអាហារដូចនេះក្នុងជីវិតឡើយ។ វាក៏បានមើលទៅនំបឺរហ្គឺរដ៏ធំរបស់វា ហើយក៏បានមើលទៅម្ហូបសាឡាត់ដ៏តិចតួចរបស់អ្នកឧបត្ថម្ភ។ បន្ទាប់មក វាក៏បានយកកាំបិតមកកាត់នំបឺរហ្គឺរនោះជាពីរ ហើយក៏ចែកឲ្យអ្នកឧបត្ថម្ភនោះពាក់កណ្តាល រួចយកដៃអង្អែលក្បាលពោះខ្លួនឯង ហើយសួរគាត់ថា“អ្នកឃ្លានទេ?” កុមារម្នាក់ដែលស្ទើរតែគ្មានអ្វីសោះក្នុងជីវិត មានចិត្តចង់ចែករំលែករបស់ដែលវាមាន ឲ្យទៅគេពាក់កណ្តាល ដោយគិតថាគេប្រហែលជាត្រូវការចំណែកនោះ។ សូមយើងនឹកចាំអំពីក្មេងប្រុសម្នាក់នេះ ពេលយើងជួបនរណាម្នាក់ ដែលកំពុងមានសេចក្តីត្រូវការផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ក្តីជំនឿដែលយើងមានចំពោះទ្រង់ គួរតែបង្ហាញចេញមក តាមរយៈសកម្មភាពរបស់យើង(យ៉ាកុប ២:១៧)។ ជារៀងរាល់ថ្ងៃ យើងប្រហែលជាជួបមនុស្សដែលមានតម្រូវការផ្សេងៗ ទោះពួកគេកំពុងនៅតំបន់ផ្សេងៗ ក្នុងពិភពលោក ឬក៏កំពុងនៅក្បែរផ្ទះយើងក្តី។ អ្នកខ្លះកំពុងត្រូវការអាហារក្តៅៗ ខ្លះទៀតត្រូវការពាក្យសម្តីដ៏ពិរោះ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ដែលបានស្គាល់សេចក្តីស្រឡាញ់ទ្រង់ តើយើងអាចនាំឲ្យមានការផ្លាស់ប្តូរប៉ុណ្ណា ពេលដែលយើងធ្វើការល្អ ហើយចែករំលែកដល់អ្នកដទៃ(ហេព្រើ ១៣:១៦)។-Dave Branon
Read article