
ពិបាកពេកសម្រាប់ខ្ញុំ
ដោយAnne Cetas
April 3, 2017
បុរសម្នាក់មានកូនប្រុសអាយុ៥ឆ្នាំ ដែលទើបតែបរាជ័យ នៅក្នុងការព្យាបាលជម្ងឺមហារីក។ មានមនុស្សម្នាក់បាននិយាយប្រាប់គាត់ថា “ព្រះទ្រង់មិនដែលប្រទានឲ្យយើង លើសពីសមត្ថភាពដែលយើងអាចទទួលនោះឡើយ”។ គេនិយាយដូចនេះ ក្នុងបំណងលើកទឹកចិត្តគាត់ទេ តែបែរជាធ្វើឲ្យគាត់ពិបាកចិត្តកាន់តែខ្លំាង ព្រោះគាត់ឆ្ងល់ថា ហេតុអ្វីបានការបាត់បង់កូនជាទីស្រឡាញ់របស់គាត់ ជាបន្ទុកដ៏ធ្ងន់ ដែលគាត់មិនអាចទទួលរួចទាល់តែសោះ។ គាត់មានការឈឺចាប់ណាស់ បានជាគាត់ស្ទើរតែមិនអាចដកដង្ហើមរួច។ គាត់ដឹងថា គាត់មានការសោកសង្រេងខ្លាំងពេក មិនអាចទ្រាំទ្ររួច ហើយគាត់ត្រូវការព្រះទ្រង់ឱបគាត់ឲ្យជាប់។ យើងអាចរកវិធីជៀសវាងមិនឲ្យជួបការល្បួង តែយើងមិនអាចរិះរកវិធីជៀសចេញពីសេចក្តីទុក្ខឡើយ ដរាបណាយើងនៅមានជីវិត។ មុនពេលគេមកចាប់ព្រះយេស៊ូវយកទៅឆ្កាង ទ្រង់ក៏មានព្រះតម្រិះ អំពីការជៀសចេញពីទុក្ខវេទនា ដែលជិតកើតឡើងចំពោះទ្រង់ផងដែរ បានជាទ្រង់មានបន្ទូលថា “ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់”។ រួចទ្រង់ក៏បានអធិស្ឋានថា “ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(ម៉ាថាយ ២៦:៣៨-៣៩)។ តែដោយសារសេចក្តីស្រឡាញ់ នោះទ្រង់ស្ម័គ្រព្រះទ័យរងទុក្ខវេទនារហូតដល់សុគត ដើម្បីជួយសង្រ្គោះយើងឲ្យរួចពីបាប។ សាវ័កប៉ុលក៏បានស្ម័គ្រចិត្តរងទុក្ខ ដើម្បីជំនឿលើព្រះគ្រីស្ទផងដែរ បានជាគាត់មានប្រសាសន៍លើកទឹកចិត្តគេថា “ខ្ញុំរាប់អស់ទាំងសេចក្តីទុក្ខលំបាកនៅជាន់នេះ ថាជាសេចក្តីមិនគួរប្រៀបផ្ទឹមនឹងសិរីល្អ ដែលនឹងបើកសំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ”(រ៉ូម ៨:១៨)។ ពេលដែលសេចក្តីទុក្ខហាក់ដូចជាពិបាកឲ្យយើងអត់ទ្រាំពេក យើងចាំបាច់ត្រូវដឹងថា ពេលនោះជាពេលដែលត្រូវចូលទៅរកសេចក្តីមេត្តាករុណារបស់ព្រះ ហើយទ្រង់នឹងឱបយើងជាប់។ ម្យ៉ាងទៀត ចូរយើងចាំថា “សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម”(រ៉ូម ៥:៣-៤)។
បទគម្ពីរប្រចាំថ្ងៃ
ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ។-ខ.៣៩