
មិនមែនល្អតែសម្បកក្រៅ
ដោយBill Crowder
April 29, 2017
ក្នុងយុគសម័យ ដែលប្រព័ន្ធផ្សព្វផ្សាយបានគ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៃសង្គម ទីប្រឹក្សាផ្នែករូបភាព បានក្លាយជាបុគ្គលដ៏សំខាន់មិនអាចខ្វះបាន។ សីល្បៈករ កីឡាករ អ្នកនយោបាយ និងអ្នកដឹកនាំមុខជំនួញជាច្រើន ចង់ឲ្យពិភពលោកមានទស្សនៈល្អ ចំពោះខ្លួន។ ពួកគេក៏បានជួលទីប្រឹក្សាដែលមានតម្លៃខ្ពស់ ឲ្យផ្តល់យោបល សម្រាប់ការផ្សព្វផ្សាយ ដើម្បីឲ្យអតិថិជន ស្រឡាញ់ និងចូលចិត្តពួកគេ ទោះជួនកាល ពួកគេល្អតែសម្បកក្រៅក៏ដោយ។ តាមពិត អ្វីដែលមនុស្សត្រូវការ មិនមែនជាការតុបតែងលម្អឲ្យស្អាតតែសម្បកក្រៅនោះឡើយ តែអ្វីដែលយើងត្រូវការនោះ គឺការផ្លាស់ប្រែនៅក្នុងចិត្ត។ ភាពខ្វះចន្លោះក្នុងផ្នែកដ៏ជ្រៅបំផុតនៃវិញ្ញាណយើង មិនអាចកែប្រែ ដោយគ្រឿងលម្អខាងសាច់ឈាមបានទេ។ ភាពខ្វះចន្លោះទាំងនោះមានទំនាក់ទំនងដោយផ្ទាល់ នឹងធាតុពិត ដែលមាននៅក្នុងចិត្ត និងគំនិតរបស់យើង ហើយក៏បង្ហាញឲ្យយើងដឹងថា យើងបានដាច់ចេញឆ្ងាយប៉ុណ្ណា ពីភាពគ្រប់លក្ខណ៍ ដែលព្រះបានបង្កើតមក។ ប៉ុន្តែ មនុស្សមិនអាចពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដើម្បីសម្រេចនូវការផ្លាស់ប្រែនេះឡើយ។ មានតែព្រះគ្រីស្ទទេ ដែលបានប្រទានយើង នូវការផ្លាស់ប្រែដ៏ពិត ដែលមិនគ្រាន់តែជាការកែប្រែមុខមាត់ ឬរូបរាង្គខាងក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុលបានមានប្រសាសន៍ថា អ្នកដែលមានជីវិតអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទត្រូវ “ប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក”(កូល៉ុស ៣:១០)។ បើយើងមានជីវិតថ្មីហើយ នោះមានក្តីសង្ឃឹមដ៏ពោរពេញ! ព្រះគ្រីស្ទកែប្រែយើង ឲ្យក្លាយជាមនុស្សថ្មី នៅក្នុងទ្រង់ គឺមនុស្សដែលមានចិត្តផ្លាស់ប្រែជាថ្មី ដែលមិនមែនល្អតែសម្បកក្រៅនោះឡើយ។-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។-ខ.១០