
កង់ដែលលាន់ង៉េតង៉ត
ដោយLawrence Darmani
May 6, 2017
នៅអាមេរិកមានសុភាសិតដ៏ពេញនិយមមួយពោលថា “កង់ដែលលាន់ង៉េតង៉ត ត្រូវការប្រេងរំអិល”។ កាលនៅក្មេង ខ្ញុំបានជិះកង់របស់ខ្ញុំ ទៅកន្លែងឆ្ងាយៗ ដូចជាទៅសាលារៀនជាដើម ហើយសម្លេងង៉េតង៉តរបស់កង់នោះ បាននាំឲ្យខ្ញុំដឹងថា វាកំពុងតែត្រូវការប្រេងរំអិល។ ក្នុងបទគម្ពីរ លូកា ជំពូក១៨ ស្ត្រីមេម៉ាយបានទទូចសុំឲ្យចៅក្រមរកយុត្តិធម៌ឲ្យនាង ម្តងហើយម្តងទៀត បានជានាងមានលក្ខណៈមិនខុសពីសម្លេង “កង់ដែលលាន់ង៉េតង៉ត” ទាល់តែនាងបានទទួលលទ្ធផលដែលនាងត្រូវការ។ កណ្ឌលូកាបានបកស្រាយថា ព្រះយេស៊ូវបានមានបន្ទូល អំពីរឿងនេះ ដើម្បីបង្រៀនយើងថា យើងត្រូវអធិស្ឋានឥតឈប់ឈរ ហើយមិនត្រូវបោះបង់ការព្យាយាមឡើយ ទោះបីជាយើងយល់ថា ព្រះទ្រង់ហាក់ដូចជាកំពុងតែពន្យាពេលការឆ្លើយតប ចំពោះការអធិស្ឋានយើងក៏ដោយ(ខ.១-៥)។ ជាការពិតណាស់ ព្រះទ្រង់មិនមែនជាចៅក្រម ដែលគ្មានយុត្តិធម៌ ដែលស្តីបន្ទោសយើង មុននឹងឆ្លើយតប ចំពោះយើងនោះឡើយ។ ទ្រង់ជាព្រះវរបិតានៃក្តីស្រឡាញ់របស់យើង ដែលយកព្រះទ័យទុកដាក់ចំពោះយើង ហើយក៏ឮយើង ពេលយើងស្រែករកទ្រង់។ ការអធិស្ឋានជាទៀងទាត់ ឥតឈប់ឈរ នាំឲ្យយើងចូលទៅជិតទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទូលសូមឥតឈប់ឈរ ប្រហែលជាមិនខុសពីសម្លេងកង់ដែលលាន់ង៉េតង៉តដែលទារកប្រេង តែព្រះអម្ចាស់ស្វាគមន៍ការអធិស្ឋានរបស់យើងជានិច្ច ហើយលើកទឹកចិត្តយើង ឲ្យចូលទៅជិតទ្រង់ ដោយទំនួញរបស់យើងផង។ ទ្រង់ស្តាប់ឮយើង ហើយនឹងយាងមកជួយយើង តាមរបៀបដែលយើងប្រហែលជាមិននឹកស្មានដល់។ តាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ៦:៥-៨ ការអធិស្ឋានឥតឈប់ឈរ មិនមែនជាការអធិស្ឋាន ដោយចំណាយពេលវែង និងប្រើ “ពាក្យសម្តីច្រើននោះទេ”។ ផ្ទុយទៅវិញ ពេលដែលយើងទូលអង្វរដល់ព្រះ “ទាំងយប់ថ្ងៃ” រហូតដល់ពេលទ្រង់ឆ្លើយតប(លូកា ១៨:៧) ហើយដើរជាមួយព្រះ ដែលតែងតែជ្រាបអំពីតម្រូវការរបស់យើង នោះមានន័យថា យើងកំពុងរៀនទុកចិត្តទ្រង់ ហើយរង់ចាំទ្រង់ឆ្លើយតប ដោយចិត្តអត់ធ្មត់។-Lawrence Darmani
បទគម្ពីរប្រចាំថ្ងៃ
សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់។-យ៉ាកុប ៥:១៦