ដួងចិត្តរបស់អ្នកដែលបានរួចជីវិត
បន្ទាប់ពីគេបានជួយសង្រ្គោះជីវិតរបស់ស្ត្រីជនជាតិកូរ៉េ ដែលមានអាយុ៧១ឆ្នាំ ក្នុងឧបទ្ទវហេតុលិចសាឡាងចម្លង គាត់ក៏មានវិបដិសារី ចំពោះការរួចជីវិតលើកនោះ។ គាត់បាននិយាយនៅលើគ្រែគេង ក្នុងមន្ទីរពេទ្យថា គាត់មានអាយុចាស់ណាស់ហើយ ដូចនេះគាត់មិនគួរណារួចជីវិត ខណៈពេលដែលមានមនុស្សជាច្រើន ដែលមានអាយុក្មេងជាងគាត់ជាច្រើនឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់នោះ។ គាត់ក៏បានសោកស្តាយផងដែរ ដែលមិនបានស្គាល់ឈ្មោះយុវជនម្នាក់ ដែលទាញគាត់ចេញពីក្នុងទឹក ពេលដែលគាត់ស្ថិតក្នុងសភាពអស់សង្ឃឹម។ បន្ទាប់មក គាត់ក៏បានបន្ថែមទៀតថា “យ៉ាងហោចណាស់ ខ្ញុំចង់អញ្ជើញគាត់ញាំបាយមួយពេល ឬកាន់ដៃគាត់ ឬមួយឱបគាត់”។ ពេលខ្ញុំដឹងថាស្រ្តីចំណាស់រូបនេះ មានទឹកចិត្តល្អចំពោះអ្នកដទៃដូចនេះ ខ្ញុំក៏បាននឹកចាំ អំពីសាវ័កប៉ុល។ គាត់ខ្វល់ពីអ្នកជិតខាង និងជនរួមជាតិរបស់គាត់ណាស់ បានជាគាត់សុខចិត្តលះបង់អ្វីៗគ្រប់យ៉ាងដើម្បីឲ្យពួកគេបានទទួលសេចក្តីសង្រ្គោះ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ច ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម”(រ៉ូម ៩:២-៣)។ សាវ័កប៉ុលក៏បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅផងដែរ។ គាត់ដឹងថា គាត់មិនមានការយល់ដឹងទាំងស្រុង អំពីផ្លូវ និងការជំនុំជម្រះរបស់ព្រះទេ(ខ.១៤-២៤)។ ដូចនេះ ខណៈពេលដែលគាត់កំពុងធ្វើការគ្រប់យ៉ាង ដើម្បីប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ គាត់បានរកឃើញសន្តិភាព និងក្តីអំណរ ក្នុងការទុកចិត្តលើព្រះទ័យព្រះ ដែលស្រឡាញ់មនុស្សក្នុងលោកិយយ៉ាងខ្លាំង លើសពីលទ្ធភាពដែលយើងអាចស្រឡាញ់ពួកគេ។-Mart Dehaan
Read article