កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំម្នាក់ បានឡើងជួរភ្នំវីតនី ដែលមានកំពស់៤៤២១ ម៉ែត្រ ជាជួរភ្នំខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក។ កាលនោះ យើងបានធ្វើដំណើរមកដល់កន្លែងបោះជំរុំ វីតនី ផូរធល នៅពេលយប់។ ហើយក៏បានលាតកម្រាលភួយសម្រាប់គេង នៅក្នុងជំរុំ ហើយបានព្យាយាមគេងឲ្យបានច្រើន មុនពេលយើងចាប់ផ្តើមឡើងភ្នំ នៅពេលព្រលឹម។ ការឡើងភ្នំវីតនី មិនតម្រូវឲ្យយើងតោងឡើងថ្មចោទៗនោះទេ គឺយើងគ្រាន់តែឡើង ដោយថ្មើរជើងតាមផ្លូវចោទ ដែលមានចម្ងាយជាង១៧គីឡូម៉ែត្រ ឡើងទៅខាងលើកំពូលភ្នំ ធ្វើឲ្យយើងហត់យ៉ាងខ្លាំង។
ថ្វីដ្បិតតែការឡើងភ្នំនោះមានការពិបាកមែន តែយើងមានចិត្តសប្បាយរីករាយ ដោយបានឃើញទេសភាពដែលគួរឲ្យចាប់ចិត្តយ៉ាងខ្លាំង ដែលមានបឹងពណ៌ខៀវដ៏ស្រស់ស្អាត និងវាលស្មៅនៅតាមផ្លូវ។ ប៉ុន្តែ ផ្លូវឡើងទៅលើមានចម្ងាយឆ្ងាយ ហើយធ្វើឲ្យហត់ ធ្វើឲ្យយើងដឹងថា ជើង និងសួតរបស់យើងអាចទ្រាំទ្ររួចឬអត់។ ខ្ញុំក៏គិតចង់ត្រឡប់ទៅខាងក្រោមវិញ ខណៈពេលដែលថ្ងៃជិតអស្តង្គត ហើយផ្លូវដែលនៅពីមុខយើង ហាក់ដូចជាកាន់តែឆ្ងាយទៅៗគ្មានទីបញ្ចប់។
ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ខ្ញុំបានមើលទៅជួរភ្នំ ហើយក៏បានដឹងថា ជំហាននីមួយៗដែលខ្ញុំបានបោះទៅមុខ កំពុងតែនាំខ្ញុំឲ្យកាន់តែជិតទៅដល់កំពូលភ្នំ។ បើខ្ញុំគ្រាន់តែបន្តដើរទៀត ខ្ញុំមុខជានឹងបានទៅដល់គោលដៅ។ ការគិតដូចនេះ បានជួយឲ្យខ្ញុំបន្តដំណើរទៅមុខទៀត។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំសេចក្តីបង្រៀនរបស់សាវ័កប៉ុល ពេលដែលគាត់បញ្ជាក់យើងថា “សេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ”(រ៉ូម ១៣:១១)។ ពេលថ្ងៃមួយទៀតបានមកដល់ គឺមានន័យថា យើងរស់នៅកាន់តែជិតដល់ថ្ងៃដ៏អស្ចារ្យ បានមួយថ្ងៃទៀតហើយ គឺកាន់តែជិតដល់ថ្ងៃដែលយើងនឹង “បានជួប” និងឃើញព្រះភ័ក្ត្រព្រះសង្រ្គោះនៃយើង។ ការគិតដូចនេះ នឹងជួយឲ្យយើងបន្តដំណើរទៅមុខទៀត។-David Roper