ការផ្តោតចិត្តដ៏ត្រឹមត្រូវ
មានពេលមួយ ខ្ញុំបានឃើញស្ត្រីម្នាក់ចង្អុលទៅមនុស្សម្នាក់ ដែលគាត់បានជួយបណ្តុះបណ្តាល ហើយប្រាប់គេថា អ្នកនោះជាសាវ័ករបស់គាត់។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ទ្រង់សុទ្ធតែបានប្រទានភារៈកិច្ចឲ្យយើងធ្វើជាអ្នកបង្កើតសិស្សថ្វាយទ្រង់ ដោយផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ដល់អ្នកដទៃ ហើយជួយថែរបំប៉នពួកគេ ឲ្យលូតលាស់ខាងវិញ្ញាណ។ ប៉ុន្តែ ពេលយើងបង្កើតសិស្ស យើងងាយនឹងផ្តោតទៅលើខ្លួនឯង ជាជាងផ្តោតទៅលើព្រះយេស៊ូវ។ សាវ័កប៉ុលមានការបារម្ភថា ពួកជំនុំនៅក្រុងកូរិនថូសកំពុងតែឈប់ផ្តោតទៅលើព្រះយេស៊ូវហើយ។ នៅសម័យនោះ មានគ្រូអធិប្បាយដ៏ល្បីពីរនាក់នៅទីក្រុងនោះ គឺសាវ័កប៉ុល និងលោកអ័ប៉ុឡូស។ ពួកជំនុំក៏បានបែកបាក់ ដោយអ្នកខ្លះថា “ខ្ញុំជាសិស្សរបស់លោកគ្រូប៉ុល” ហើយខ្លះទៀតថា “ខ្ញុំជាសិស្សរបស់លោកគ្រូអ័ប៉ុឡូស!” ដូចនេះ ពួកគេកំពុងតែផ្តោតទៅលើគ្រូដែលជាមនុស្ស ជាជាងផ្តោតទៅលើព្រះសង្រ្គោះ។ ប៉ុន្តែ សាវ័កប៉ុលក៏បានកែតម្រង់ពួកគេ។ យើងជាអ្នកធ្វើការជាមួយព្រះ។ អ្នកខ្លះជាអ្នកដាំ ខ្លះជាអ្នកស្រោចទឹក តែដែលសំខាន់នោះ គឺព្រះទ្រង់ជាអ្នកប្រទានពរឲ្យមានការលូតលាស់។ យើងរាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ(១កូរិនថូស ៣:៦-៩)។ គ្រីស្ទបរិស័ទនៅក្រុងកូរិនថូស មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់សាវ័កប៉ុល ឬលោកអ័ប៉ុឡូសឡើយ។ ព្រះយេស៊ូវបានប្រាប់យើងឲ្យចេញទៅបង្កើតសិស្ស ហើយបង្រៀនពួកគេអំពីទ្រង់(ម៉ាថាយ ២៨:២០)។ ហើយអ្នកនិពន្ធព្រះគម្ពីរហេព្រើបានរំឭកយើងថា យើងត្រូវផ្តោតទៅលើព្រះយេស៊ូវ ដែលជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង(១២:២)។ ពេលយើងផ្តោតទៅលើព្រះគ្រីស្ទ ព្រះនាមទ្រង់នឹងបានដំកើងឡើង។ ទ្រង់ធំលើសអស់ទាំងមនុស្ស ហើយទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់យើង។-C.P.Hia
Read article