
ព្រះវរបិតាគង់នៅជាមួយខ្ញុំ
ដោយPohfang Chia
June 3, 2017
មានមិត្តភក្តិខ្ញុំម្នាក់បានព្យាយាមជម្នះភាពឯកកោ បានជានាងសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាងថា “ខ្ញុំមានអារម្មណ៍ឯកកោមិនមែនដោយសារ ខ្ញុំគ្មានមិត្តភក្តិនោះទេ។ ខ្ញុំមានមិត្តភក្តិច្រើនណាស់។ ខ្ញុំដឹងថា ខ្ញុំមានអ្នកដែលអាចនៅក្បែរខ្ញុំ លើកទឹកចិត្ត ហើយជជែកជាមួយគ្នា ព្រមទាំងអាចមើលថែរ ហើយគិតពីខ្ញុំផង។ ប៉ុន្តែ ពួកគេមិនអាចនៅក្បែរខ្ញុំ បានគ្រប់ពេលទេ”។ ព្រះយេស៊ូវទ្រង់យល់ច្បាស់ អំពីភាពឯកកោប្រភេទនេះ។ ខ្ញុំជឿថា ក្នុងអំឡុងពេលទ្រង់កំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី ទ្រង់បានទតឃើញភាពឯកកោ ក្នុងកែវភ្នែករបស់អ្នកកើតឃ្លង់ ហើយក៏បានស្តាប់ឮភាពឯកកោ ក្នុងសម្លេងដង្ហោយហៅ របស់អ្នកពិការភ្នែក។ ប៉ុន្តែ ជាងនេះទៅទៀត ទ្រង់ប្រាកដជាបានពិសោធន៍នឹងអារម្មណ៍ឯកកោ របស់ព្រះអង្គទ្រង់ផ្ទាល់ ពេលដែលមិត្តជិតស្និទ្ធរបស់ទ្រង់ បានរត់ចោលទ្រង់អស់(ម៉ាកុស ១៤:៥០)។ ទោះជាយ៉ាងណាក៏ដោយ ពេលទ្រង់ថ្លែងទំនាយថា ពួកសាវ័កនឹងរត់ចោលទ្រង់ ទ្រង់នៅតែបង្ហាញនូវទំនុកចិត្តលើព្រះវត្តមានព្រះវរបិតា។ គឺដូចដែលទ្រង់មានបន្ទូលទៅកាន់ពួកគេថា “មើល នឹងមានពេលវេលាមក ក៏មកដល់ហើយ នោះអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ”(យ៉ូហាន ១៦:៣២)។ បន្ទាប់ពីទ្រង់បានមានបន្ទូលមិនទាន់បានយូរប៉ុន្មានផង ទ្រង់ក៏បានយាងទៅឈើឆ្កាង ដើម្បីសុគតជួសយើងរាល់គ្នា។ ទ្រង់បានបើកផ្លូវ ឲ្យយើងរាល់គ្នាមានទំនាក់ទំនង ជាមួយព្រះវរបិតា ហើយក្លាយជាសមាជិកគ្រួសារទ្រង់។ ក្នុងនាមជាមនុស្ស យើងម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ឯកកោ។ ប៉ុន្តែ ព្រះយេស៊ូវបានផ្តល់នូវការធានាដល់យើងថា យើងមានព្រះវត្តមានព្រះវរបិតា នៅជាប់ជាមួយយើងជានិច្ច។ ព្រះទ្រង់គង់នៅគ្រប់ទីកន្លែង ហើយទ្រង់គង់នៅអស់កល្បជានិច្ច។ មានតែទ្រង់ប៉ុណ្ណោះ ដែលអាចនៅក្បែរយើងបានគ្រប់ពេល ជារៀងរហូត។-Poh Fang Chia
បទគម្ពីរប្រចាំថ្ងៃ
អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅ ដោយខ្លួនៗ ទាំងទុកខ្ញុំចោលឲ្យនៅតែឯកឯង តែខ្ញុំមិននៅតែឯកឯងទេ គឺមានព្រះវរបិតាគង់ជាមួយនឹងខ្ញុំដែរ។-យ៉ូហាន ១៦:៣២