
កុំអស់សង្ឃឹម
ដោយKeila Ochoa
June 11, 2017
ការធ្វើម្ហូប អាចក្លាយជាកិច្ចការដ៏គួរឲ្យធុញទ្រាន់ បើសិនជាខ្ញុំធ្វើវាមួយថ្ងៃបីដង ជារៀងរាល់ថ្ងៃ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។ ខ្ញុំអាចនឿយហត់ នឹងការបកសម្បក ចិត កាត់ ហាន់ និងលាយគ្រឿង រួចរង់ចាំឲ្យម្ហូបឆ្អិន។ ប៉ុន្តែ ខ្ញុំមិនដែលហត់នឿយនឹងការញាំអាហារទេ! តាមពិត ការញាំអាហារគឺជាអ្វីដែលមនុស្សជាទូទៅចូលចិត្ត ទោះបីជាយើងត្រូវធ្វើជារៀងរាល់ថ្ងៃក៏ដោយ។ សាវ័កប៉ុលបានបង្រៀនអំពីការសាបព្រោះ និងច្រូតកាត់ផល ព្រោះគាត់បានដឹងថា យើងអាចមានការនឿយណាយ នឹងធ្វើការល្អ(កាឡាទី ៦:៧-១០)។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(ខ.៩)។ ការស្រឡាញ់ខ្មាំងសត្រូវ ការប្រៀនប្រដៅកូន ឬអធិស្ឋានឥតឈប់ឈរ មិនមែនជាការងាយស្រួលទេ។ ទោះជាយ៉ាងណាក៏ដោយ ការច្រូតកាត់ផលល្អ ដែលយើងសាបព្រោះ គឺមិនគួរឲ្យធុញទ្រាន់ទេ! តើយើងនឹងមានអំណរប៉ុណ្ណា ពេលយើងឃើញសេចក្តីស្រឡាញ់ឈ្នះទុក្ខព្រួយ ឬឃើញក្មេងៗដើរតាមផ្លូវរបស់ព្រះ ឬបានដឹងថា ការអធិស្ឋានរបស់យើងបានទទួលការឆ្លើយតប។ ការចម្អិនអាហារអាចចំណាយពេលជាច្រើនម៉ោង ប៉ុន្តែ តាមធម្មតា ក្រុមគ្រួសាររបស់ខ្ញុំញាំអាហារជុំគ្នា ដោយចំណាយពេលយ៉ាងយូរ២០នាទី។ តែការទទួលផលខាងវិញ្ញាណ គឺមានរយៈពេលអស់កល្បជានិច្ច។ ដរាបណា យើងនៅមានពេលនៅឡើយ ចូរយើងធ្វើការល្អ ហើយរង់ចាំទទួលព្រះពរពីព្រះ តាមពេលដែលទ្រង់បានកំណត់។ នៅថ្ងៃនេះ ចូរកុំអស់សង្ឃឹម ក្នុងការធ្វើដំណើរតាមផ្លូវរបស់ព្រះឡើយ។ ចូរយើងចាំថា យើងនឹងបានច្រូតកាត់ផល ជាក្តីអំណរដ៏អស់កល្បជានិច្ច។-Keila Ochoa
បទគម្ពីរប្រចាំថ្ងៃ
កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបាន ហើយ។-ខ.៩