
សម្លេងនៅពេលយប់
ដោយDavid H. Roper
June 27, 2017
បទគម្ពីរទំនុកដំកើង ជំពូក ១៣៤ មានតែ៣ខទេ តែវាជាភស្តុតាងបញ្ជាក់ថា កិច្ចការដ៏តូចអាចមានន័យច្រើនសន្ធឹក។ ក្នុងជំពូកនេះ ពីរខដំបូងនិយាយអំពីការលើកទឹកចិត្តដល់ពួកសង្ឃដែលធ្វើការបម្រើ ក្នុងដំណាក់ព្រះ រៀងរាល់យប់។ អគារព្រះវិហារងងឹត ហើយហាក់ដូចនៅទទេ គ្មានអ្វីដែលគួរឲ្យកត់សំគាល់ទេ។ តែអ្នកបម្រើព្រះទាំងនេះបានទទួលការលើកទឹកចិត្តឲ្យ “ប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរ”(ខ.២)។ រីឯខ.៣វិញ គឺជាសម្លេងរបស់ពួកជំនុំ ដែលបន្លឺឡើង ក្នុងពេលយប់ងងឹត និងឯកកោនោះថា “សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកបម្រើព្រះអម្ចាស់ដទៃទៀត ក្នុងពេលសព្វថ្ងៃ ដែលមានដូចជាគ្រូគង្វាល និងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងបម្រើព្រះក្នុងព្រះវិហារតូចៗ នៅតំបន់ដាច់ស្រយ៉ាល។ ជាញឹកញាប់ ពួកគេច្រើនតែមានការបាក់ទឹកចិត្ត ត្រូវល្បួងឲ្យអស់សង្ឃឹម ខណៈពេលដែលពួកគេប្រឹងប្រែងអស់ពីចិត្ត ទំាងធ្វើការបម្រើដោយគ្មានគេចាប់អារម្មណ៍ និងឲ្យរង្វាន់។ ជួនកាល ពួកគេឆ្ងល់ថា តើមាននរណាខ្វល់អំពីការអ្វីដែលពួកគេកំពុងធ្វើទេ? តើមាននរណាគិតពីពួកគេ អធិស្ឋានឲ្យពួកគេ ឬចាត់ទុកពួកគេជាផ្នែកមួយនៃជីវិតខ្លួនដែរឬទេ? សម្រាប់អ្នកដែលមានអារម្មណ៍ឯកកោ ឬគិតថាខ្លួនគ្មានសារៈសំខាន់ ខ្ញុំសូមលើកទឹកចិត្តថា ទោះបីជាកិច្ចការរបស់អ្នកមានទំហំតូចមែន តែខ្លួនអ្នកជាព្រះវិហារបរិសុទ្ធរបស់ព្រះ។ ព្រះអាទិករដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់កំពុងធ្វើការនៅក្នុង និងតាមរយៈអ្នក។ ចូរ “ប្រណម្យដៃឡើង” ហើយសរសើរដំកើងព្រះអង្គចុះ។-David Roper
បទគម្ពីរប្រចាំថ្ងៃ
ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរចុះ។-ខ.២