
សំបុត្រផ្ញើមកពីសមរភូមិ
ដោយDavid C. McCasland
July 2, 2017
អស់រយៈពេលជាង២ទសវត្សរ៍មកហើយ ដែលលោកអេនឌ្រូ ខារ៉ូល(Andrew Carroll) បានជំរុញអ្នកដទៃ កុំឲ្យបោះចោលសំបុត្រ ដែលសមាជិកគ្រួសារ ឬមិត្តភក្តិបានសរសេរផ្ញើមក ក្នុងសម័យសង្រ្គាម។ លោកខារ៉ូល ជានាយកនៃមជ្ឈមណ្ឌល ដើម្បីលិខិតក្នុងសម័យសង្រ្គាមអាមេរិក នៅសកលវិទ្យាល័យឆាបមិន ក្នុងរដ្ឋកាលីហ្វូញ៉ា។ គាត់បានចាត់ទុកសំបុត្រទាំងនោះ ជាចំណងទាក់ទងមិនអាចជំនួសបាន ដែលចងភ្ជាប់ក្រុមគ្រួសារ ហើយនាំឲ្យមានការយោគយល់គ្នា។ លោកខារ៉ូលបានមានប្រសាសន៍ថា “ពេលក្មេងជំនាន់ក្រោយបានអានសំបុត្រទាំងនោះ ពួកគេនឹងមានសំណួរ និងនិយាយថា ពួកគេបានយល់អំពីការពិបាក និងការលះបង់ដែលយើងបានឆ្លងកាត់”។ ពេលសាវ័កប៉ុលកំពុងជាប់ឃុំ ក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម គាត់ដឹងថា ជីវិតគាត់នឹងត្រូវអស់ ក្នុងពេលដ៏ខ្លីខាងមុខ បានជាគាត់សរសេរសំបុត្រមួយច្បាប់ ទៅកាន់យុវជនម្នាក់ឈ្មោះ ធីម៉ូថេ ដែលគាត់បានចាត់ទុកជា “កូនក្នុងជំនឿ”។ សាវ័កប៉ុលបានបង្ហាញពីជម្រៅចិត្តរបស់គាត់ ដូចជាទាហានកំពុងនៅសមរភូមិ គឺដូចដែលគាត់ប្រាប់លោកធីម៉ូថេថា “ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ”(២ធីម៉ូថេ ៤:៦-៨)។ ពេលយើងអានសំបុត្រ ក្នុងព្រះគម្ពីរ ដែលវីរៈបុរសនៃជំនឿគ្រីស្ទបរិស័ទ បានបន្សល់ទុកឲ្យយើង ហើយដឹងអំពីទុក្ខលំបាកដែលពួកគេបានទទួលរង ដោយសារសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះព្រះគ្រីស្ទ យើងទទួលបាននូវសេចក្តីក្លាហាន ក្នុងការយកគំរូតាមពួកគេ ហើយឈរយ៉ាងមាំមួន សម្រាប់មនុស្សជំនាន់ក្រោយ។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ។-ខ.៧