
ចូរចូលមករកព្រះយេស៊ូវ
ដោយAnne Cetas
July 4, 2017
កាលព្រះយេស៊ូវកំពុងមានព្រះជន្មគង់នៅ ក្នុងលោកិយនេះ ទ្រង់បានត្រាស់ហៅមនុស្សជាច្រើន ឲ្យចូលមករកទ្រង់ ហើយសព្វថ្ងៃនេះ ទ្រង់នៅតែបន្តត្រាស់ហៅមនុស្សជាច្រើនទៀត(យ៉ូហាន ៦:៣៥)។ តើព្រះយេស៊ូវ និងព្រះវរបិតានៃទ្រង់ដែលគង់នៅស្ថានសួគ៌ មានអ្វីខ្លះដែលយើងត្រូវការ? អ្វីដែលយើងត្រូវការនោះ មានដូចតទៅ សេចក្តីសង្រ្គោះ : ព្រះយេស៊ូវជាផ្លូវតែមួយ សម្រាប់ឲ្យយើងទទួលការអត់ទោសបាប និងទទួលសេចក្តីសន្យាថា យើងនឹងបានទៅនៅនគរស្ថានសួគ៌។ គឺដូចមានសេចក្តីចែងថា “អស់អ្នកដែលទទួលជឿទ្រង់ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៥)។ គោលបំណង : យើងត្រូវថ្វាយចិត្ត វិញ្ញាណ គំនិត និងកម្លាំងរបស់យើង ដល់ព្រះយេស៊ូវ ដើម្បីដើរតាមទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ”(ម៉ាកុស ៨:៣៤)។ ការកម្សាន្តចិត្ត : ពេលមានការពិបាក ឬទុក្ខព្រួយ “ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា”(២កូរិនថូស ១:៣-៤)។ ប្រាជ្ញា : យើងត្រូវការប្រាជ្ញាមកពីព្រះ ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ “តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ …នោះទ្រង់នឹងប្រទានឲ្យ”(យ៉ាកុប ១:៥)។ កម្លាំង : ពេលយើងអស់កម្លាំង “ព្រះអម្ចាស់ទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់”(ទំនុកដំកើង ២៩:១១)។ ជីវិតពេញបរិបូរ : ជីវិតពេញបរិបូរ គឺរកបាននៅក្នុងទំនាក់ទំនង ជាមួយព្រះយេស៊ូវ។ ព្រះយេស៊ូវបានមានបន្ទូលថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(យ៉ូហាន ១០:១០)។ ព្រះយេស៊ូវមានបន្ទូលថា “អ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ”(យ៉ូហាន ៦:៣៧)។ ដូចនេះ ចូរយើងរាល់គ្នាចូលទៅរកទ្រង់ចុះ! –Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ។-ខ.៣៥