ដើរជាមួយយឺតៗ

មាន​ពេល​មួយ ខេលិប(Celeb)មាន​ជម្ងឺ​ជា​ទម្ងន់។ គ្រូ​ពេទ្យ​បាន​ពិនិត្យ​មើល​ជម្ងឺ​ប្រព័ន្ធប្រសាទ​របស់​វា ហើយ​ក៏​រកឃើញថា ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​នេះ មាន​ជម្ងឺ​ពិការ​រយៈ​ពេល​ខ្លី។ ឪពុក​ម្តាយ​របស់​វាមាន​ការ​ថប់​បារម្ភ​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​អធិ​ស្ឋាន ទាំង​រង់​ចាំ​ព្រះ​ទ្រង់​ឆ្លើយ​តប។ ខេលិប​ក៏បាន​ចាប់​ផ្តើម​ធូ​ស្រាល​​ពី​ជម្ងឺ​បន្តិច​ម្តងៗ។ ជា​ច្រើន​ខែ​ក្រោយ​មក ពេល​ដែល​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ខេលិប ចូល​រៀន ខេលិប​គ្រាន់​តែ​អាច​ដើរ​យឺត​ៗ តែ​​គ្មាន​លំនឹង​ទេ។

ថ្ងៃ​មួយ ឪពុក​របស់​វា​ក៏បាន​ទៅ​មើល​វា នៅ​សាលា។ គាត់​បាន​មើល​កូន​ប្រុស​គាត់ ដើរ​ចុះ​តាម​ជណ្តើរ​យឺត​ៗ ទៅ​រក​កន្លែង​ក្មេង​លេង​។ បន្ទាប់​មក គាត់​ក៏​បាន​ឃើញ​ថាយល័រ(Tyler) ដែល​ជា​មិត្ត​ភក្តិ​របស់​វា បាន​ដើរ​ទន្ទឹម​នឹង​វា​។ ក្នុង​ពេល​ចេញ​លេង​នោះ ក្មេង​ៗ​ដទៃ​ទៀត​បាន​រត់​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ តែ​ថាយល័រ​បាន​ដើរ​យឺត​ៗ ជា​មួយ​មិត្ត​សំឡាញ់​ដ៏​ទន់​ខ្សោយ​ម្នាក់​នេះ នៅ​កន្លែង​ក្មេង​លេង។

ការ​នេះបាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​យ៉ូប។ គាត់​ប្រាកដ​ជាត្រូវ​ការ​មិត្ត​សំឡាញ់​ដ៏​ល្អ ដូច​ថាយល័រ​ដែរ​ហើយ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​គាត់​មាន​ទុក្ខ​ជា​ទម្ងន់ គាត់​មាន​មិត្ត​ភក្តិ​បី​នាក់ ដែល​និយាយ​ប្រាប់​ពី​ទោស​កំហុស​របស់​គាតa់​ទៅ​វិញ។ គឺ​ដូច​ដែល​លោក​អេលីផាបាន​សួរ​គាត់​ថា “ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ?”(យ៉ូប ៤:៧)។ ការ​ចោទប្រកាន់ ក្នុង​ពេល​មាន​ទុក្ខ​ដូច​នេះ បាន​នាំ​ឲ្យ​លោក​យ៉ូប​ប្រកាស់ ដោយ​ចិត្ត​ល្វីង​ជូរ​ចត់​ទៅ​កាន់​ពួកគេ​ថា “ខ្ញុំ​បាន​ឮ​សេចក្តី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ!”(១៦:២)

ព្រះ​យេស៊ូវ​មិន​មានលក្ខណៈ​ដូច​នេះ​ទេ។​ នៅ​ពេល​ល្ងាច មុន​ពេល​គេយក​ទ្រង់​ទៅ​ឆ្កាង ទ្រង់​បាន​ចំណាយ​ពេល​កម្សាន្ត​ចិត្ត​ពួក​សាវ័ក​របស់​ទ្រង់។ ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ ដែល​នឹង​យាង​មក​គង់​នៅ​ជា​មួយ​ពួក​គេ ជា​រៀង​រហូត(យ៉ូហាន ១៤:១៦) ហើយ​ក៏​បាន​ធានាពួក​គេ​ថា “ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ”(ខ.១៨)។ បន្ទាប់មក មុន​ពេល​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ព្រះ​វរបិតា​វិញ ទ្រង់​មានបន្ទូល​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ម៉ាថាយ ២៨:២០)។

ព្រះ​មួយ​អង្គ ដែល​បាន​សុគត​ជួស​យើង ទ្រង់​ក៏​ដើរ​ជា​មួយ​យើង ម្តង​មួយ​ជំហាន​ៗ យ៉ាង​ប្រុង​ប្រយ័ត្ន។-Tim Gustafson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles