ខ្ញុំបានមកជួយ
មានអ្នកកាសែតម្នាក់ឈ្មោះ យ៉ាកុប រីស(Jacob Riis) បានធ្វើការពិពណ៌នា អំពីភាពក្រីក្រ នៅទីក្រុងញូយ៉ក ក្នុងសតវត្សរ៍ទី១៩ ធ្វើឲ្យមានភាពតក់ស្លត់ ដល់សាធារណៈជនទូទៅ ដែលមិនខ្វល់ពីសង្គម។ គាត់បាននិពន្ធសៀវភៅដែលមានចំណងជើងថា ការរស់នៅរបស់ប្រជាជនពាក់កណ្តាលទៀត ដែលក្នុងនោះ គាត់បានបង្ហាញរូបថតនៃតថភាពសង្គមនៃអ្នកក្រតោកយ៉ាក យ៉ាងច្បាស់លាស់ ដែលសាធារណៈជនមិនអាចប្រកែកបាន។ ក្នុងនាមជាកូនទីបី ក្នុងគ្រួសារក្រីក្រដែលមានកូន១៥នាក់ គាត់បានសរសេរពិពណ៌នាយ៉ាងមានប្រសិទ្ធិភាព ព្រោះគាត់ធ្លាប់រស់នៅ ក្នុងពិភពនៃភាពទាល់ក្រអស់សង្ឃឹម។ បន្ទាប់ពីគាត់បានដាក់លក់សៀវភៅនោះ មិនទាន់បានយូរប៉ុន្មានផង គាត់ក៏បានទទួលកាតប៉ូស្ទាល់ពីយុវជនម្នាក់ដែលទើបតែចាប់ផ្តើមអាជីពជាអ្នកនយោបាយ។ នៅខ្នងកាតប៉ូស្ទាល់ យុវជននោះបានសរសេរថា “ខ្ញុំបានអានសៀវភៅរបស់លោក ហើយខ្ញុំបានមកជួយហើយ។ ពីខ្ញុំស៊ីអេដូរ រូសសេវែល(Theodore Roosevelt)”(ក្រោយមក អ្នកនយោបាយវ័យក្មេងរូបនេះ ក៏បានក្លាយជាប្រធានាធិបតីអាមេរិក)។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា តាមបទគម្ពីរ យ៉ាកុប(១:១៩-២៧) អ្នកដែលមានក្តីជំនឿដ៏ពិត ឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អ្នកដទៃ។ សូមឲ្យចិត្តយើងបានផ្លាស់ប្រែ ពីភាពអសកម្ម ទៅជាសកម្ម និងពីការនិយាយតែម៉ាត់ ទៅជាការអនុវត្ត ដោយជួយអ្នកដទៃ។ ក្តីអាណិតមិនគ្រាន់តែជួយដល់អ្នកដែលមានទុកលំបាក ក្នុងជីវិតប៉ុណ្ណោះទេ តែក៏ជួយឲ្យពួកគេបើកចិត្តទទួលព្រះបន្ទូលដ៏អស្ចារ្យ ពីព្រះសង្រ្គោះនៃយើង ដែលស្គាល់ពីតម្រូវការរបស់ពួកគេ ហើយអាចធ្វើការជាច្រើន ដើម្បីជួយពួកគេ។-Randy Kilgore
Read article