
ក្របីចម្លងភក់
ដោយTim Gustafson
August 17, 2017
កាលពីពេលព្រឹកថ្ងៃមួយ លីលៀ(Lilia) បានរៀបចំខ្លួនទៅធ្វើការ ទន្ទឹមនឹងនោះ ជេស(Jess)កូនស្រីរបស់គាត់ដែលមានអាយុ៤ឆ្នាំ ក៏រៀបចំខ្លួនធ្វើកិច្ចការរបស់នាងផងដែរ។ គ្រួសារមួយនេះបានទិញម៉ាស៊ីនអាំងនំប៉័ងស្វ័យប្រវត្តិ ដែលបង្វិលនំប៉័ងពីទម្រខាងលើ ចុះមកទម្រខាងក្រោម ធ្វើឲ្យជេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពីបីនាទីក្រោយមក លីលៀក៏បានឃើញនំប៉័ងមួយដុំដែលមិនទាន់អំាង និងនំប៉័ងកន្លះចំណិត ដែលបានអាំងហើយ នៅលើទម្រខាងក្រោម។ ជេសក៏បាននិយាយឮៗថា “ខ្ញុំពិតជាពូកែដុតនំមែន!” នេះមិនមែនជាការអស្ចារ្យទេ ដែលក្មេងស្រីដែលចង់ដឹងចង់ឃើញម្នាក់ អាចអាំងនំប៉័ងដោយប្រើមាស៊ីនស្វ័យប្រវត្តិ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវធ្វើឲ្យនំប៉័ង៥ដុំ និងត្រីពីរកន្ទុយ ក្លាយជាអាហារសម្រាប់មនុស្សរាប់ពាន់នាក់ នៅជើងភ្នំ ពួកគេក៏បានទទួលស្គាល់ការអស្ចារ្យ ក្នុងព្រឹត្តិការណ៍នោះ ហើយចង់តាំងទ្រង់ជាស្តេច(យ៉ូហាន ៦:១-១៥)។ ជាការពិតណាស់ នគររបស់ព្រះយេស៊ូវ មិនមែនជា “នគររបស់លោកិយ”ទេ(យ៉ូហាន ១៨:៣៦) ហើយទ្រង់ក៏បានយាងចេញទៅ។ ពេលពួកបណ្តាជនរកឃើញទ្រង់ នៅថ្ងៃបន្ទាប់ ព្រះគ្រីស្ទទ្រង់ក៏បានបង្ហាញថា ពួកគេបានគិតខុសហើយ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នារកខ្ញុំ មិនមែនដោយព្រោះបានឃើញទីសំគាល់ទេ គឺដោយព្រោះតែបានបរិភោគនំបុ័ងឆ្អែតប៉ុណ្ណោះ”(៦:២៦)។ ពួកគេច្រឡំថា ព្រះយេស៊ូវ នឹងធ្វើជាស្តេច ដែលប្រទានឲ្យពួកគេមានអាហារបរិភោគឆ្អែត និងរំដោះជនជាតិពួកគេពីការគ្រប់គ្រងរបស់បរទេស។ តែព្រះយេស៊ូវទ្រង់ក៏បានលើកទឹកចិត្តពួកគេថា “កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ”(ខ.២៧)។ ទស្សនៈបែកលោកិយធ្វើឲ្យយើងចាត់ទុកព្រះយេស៊ូវ ជាក្របីសម្រាប់ចម្លងភក់។ តាមពិត ទ្រង់ជានំប៉័ងជីវិត។-Tim Gustafson
បទគម្ពីរប្រចាំថ្ងៃ
កុំឲ្យខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ ដរាបដល់ជីវិតអស់កល្បជានិច្ចវិញ។-ខ.២៧