
កូនក្មេងរៀនដើរ
ដោយKeila Ochoa
August 29, 2017
ពេលកូនខ្ញុំរៀនដើរ ខ្ញុំត្រូវកាន់ដៃនាង ហើយនាងក៏បានតោងម្រាមដៃខ្ញុំជាប់ ព្រោះនាងនៅមិនទាន់ចេះទប់ខ្លួន។ នាងខ្លាចរអិលដួល តែខ្ញុំនៅចាំជួយទប់នាង ហើយមើលថែរនាងផង។ ពេលនាងដើរដោយមានជំនួយពីខ្ញុំ កែវភ្នែករបស់នាងបានបញ្ចេញពន្លឺនៃការដឹងគុណ ការសប្បាយចិត្ត និងសុវត្ថិភាព។ ប៉ុន្តែ ជួនកាល នាងយំ ពេលខ្ញុំបណ្តោយឲ្យនាងដើរតាមផ្លូវដែលមានគ្រោះថ្នាក់ ដោយនាងមិនបានដឹងទេថា ខ្ញុំកំពុងការពារនាង។ យើងច្រើនតែត្រូវការនរណាម្នាក់ មើលថែរយើង ដឹកនាំ និងជួយទប់យើងមិនឲ្យដួល នៅក្នុងការដើរខាងវិញ្ញាណ គឺមិនខុសពីកូនស្រីដ៏តូចរបស់ខ្ញុំទេ។ ហើយយើងមានព្រះដ៏ជាព្រះវរបិតានៃយើង នៅចាំជួយកូនទ្រង់រៀនដើរ នាំយើងដើរម្តងមួយជំហានៗ កាន់ដៃយើង ហើយនាំឲ្យយើងដើរតាមផ្លូវដ៏ត្រឹមត្រូវ។ យ៉ាងណាមិញ ស្តេចដាវីឌជ្រាបយ៉ាងច្បាស់ថា ទ្រង់ត្រូវការព្រះមើលថែរទ្រង់ ក្នុងការរស់នៅ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ ទ្រង់បានរៀបរាប់ អំពីការដែលព្រះទ្រង់ប្រទានឲ្យយើងមានកម្លាំង និងការនាំផ្លូវ ពេលយើងវង្វេង ឬភ័ន្តច្រឡំ(ខ.៣២)។ ទ្រង់បានទប់ជើងយើងឲ្យនឹង ដូចជើងសត្វក្តាន់ ដែលអាចឡើងទៅកន្លែងខ្ពស់ៗបាន ដោយមិនរអិល(ខ.៣៣)។ ហើយបើយើងរអិល នោះព្រះហស្តទ្រង់ នឹងទប់យើង(ខ.៣៥)។ ទោះយើងជាអ្នកជឿថ្មី ដែលទើបតែរៀនដើរ ក្នុងជំនឿ ឬយើងបានដើរជាមួយព្រះ ជាយូរមកហើយក្តី យើងគ្រប់គ្នាសុទ្ធតែត្រូវការការដឹកនាំ និងព្រះហស្តដ៏រឹងមាំរបស់ទ្រង់។-Keila Ochoa
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់ធ្វើឲ្យជើងទូលបង្គំបានដូចជាជើងក្តាន់ ក៏ដាក់ទូលបង្គំឲ្យឈរ នៅកន្លែងខ្ពស់របស់ទូលបង្គំ។-ខ.៣៣