September 6, 2017

You are here:
នៅមានវគ្គបន្ត…

ដោយ​សារ​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ខ្ញុំ​ច្រើន​តែ​ទៅ​មើល​កុន​ថ្ងៃ​សៅរ៍ ក្នុង​រោង​ភាព​យន្ត​ក្នុង​តំបន់​មួយ​កន្លែង។ ក្រៅ​ពី​ខ្សែ​ភាព​យន្ត​គំនូរ​ជីវ​ចល និង​ខ្សែ​ភាព​យន្ត​ល្បី​ៗ​ គេ​ក៏​មាន​ចាក់​បញ្ចាំង​រឿង​ភាគ​បែប​ផ្សង​ព្រេង ដែល​នៅ​ចុង​បញ្ចប់​នៃ​ភាគ​នីមួយ​ៗ តួរ​​អង្គ​វីរៈ​បុរស ឬ​វីរៈនារី​បាន​ប្រឈម​មុន​នឹង​ស្ថាន​ភាព​ដែល​ពិបាក​បំផុត។ ពួក​គេ​ហាក់​ដូច​ជា​ទាល់​ច្រក​រក​ផ្លូវ​ចេញ​មិន​ឃើញ​ទេ តែ​ភាគ​នីមួយ​ៗ​បាន​បញ្ចប់​ដោយ​ពាក្យ​ថា “សូមរ​ង់​ចាំ​ទស្សនា​វគ្គ​បន្ត…”។ យ៉ាង​ណា​មិញ សា​វ័ក​ប៉ុល​ក៏​ធ្លាប់​ជួប​ស្ថាន​ភាព​ដែល​គំរាម​កំហែង​ជីវិត​គាត់​ផង​ដែរ។ គាត់​ត្រូវ​គេ​ដាក់​គុក វាយ​ដំ ចោល​នឹង​ថ្ម​សម្លាប់ ហើយ​ក៏​ធ្លាប់​ឆ្លង​កាត់​គ្រោះ​ថ្នាក់​សំពៅ​លិច​ផង ដោយ​សារ​គាត់​ព្យាយាម​នាំ​ដំណឹង​ល្អ​ព្រះ​យេស៊ូវ​គ្រីស្ទ ទៅ​ប្រាប់​មនុស្ស​ទាំង​ឡាយ។ គាត់​ដឹង​ថា ថ្ងៃ​ណា​មួយ គាត់​នឹង​ស្លាប់ តែ​គាត់​មិន​ដែល​គិត​ថា រឿង​នៃ​ជីវិត​គាត់​នឹង​ត្រូវ​ចប់​តែ​ប៉ុណ្ណឹង​ឡើយ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​កូរិន​ថូស​ថា “កាល​ណា​រូបកាយ​ពុករលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ពុករលួយ ហើយ​រូបកាយ​ដែល​តែង​តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ចេះ​ស្លាប់​វិញ នោះ​ទើប​នឹង​បាន​សំរេច​តាម​ពាក្យ ដែល​ចែង​ទុក​មក​ថា «សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»”(១កូរិនថូស ១៥:៥៤)។ សាវ័ក​ប៉ុល​មាន​ចិត្ត​ឆេះ​ឆួល​ចង់​ប្រាប់​អ្នក​ដទៃ​ថា ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​សង្រ្គោះ​នៃ​យើង បាន​លះ​បង់​ព្រះ​ជន្ម នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​អត់​ទោស​បាប ហើយ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​ ​ដោយ​ទទួល​ជឿ​ទ្រង់។ ជីវិត​យើង​មិន​ដូច​តួឯក​ដែល​ជា​វីរៈ​បុរស​ក្នុង​ខ្សែ​ភាព​យន្ត ដែល​តែង​តែ​អាច​ជៀស​ផុត​សេចក្តី​ស្លាប់​ម្តង​ហើយ​ម្តង​ទៀត​នោះ​ឡើយ។ ថ្ងៃ​ណា​មួយ ជីវិត​យើង​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​បញ្ចប់ ដោយ​សារ​សេចក្តី​ស្លាប់ ឬ​ដោយ​សារ​ព្រះ​យេស៊ូវ​យាង​មក​វិញ​ជា​លើក​ទីពីរ​។ តែ​ដោយ​សារ​ព្រះ​គុណ និង​សេចក្តី​មេត្តា​របស់​ព្រះ នោះ​រឿង​នៃ​ជីវិត​របស់​អ្នក ហើយ​និង​ខ្ញុំ “នៅ​មាន​វគ្គ​បន្ត…”។-David  McCasland

Read article