បានកើតជាថ្មី

ក្នុង​ដំណាក់​កាល​ដំបូង នៃ​អាជីព​របស់​ខ្ញុំ ខ្ញុំ​មាន​មិត្ត​រួម​ការងារ​ម្នាក់ ដែល​ហាក់​ដូច​ជា​ចូល​ចិត្ត​យក​ព្រះ​នាម​ព្រះ មក​ប្រមាថ។ គាត់​ចូល​ចិត្ត​ចម្អក​ឡក​ឡឺយ​ ដោយ​គ្មាន​មេត្តា មក​លើ​គ្រីស្ទ​បរិស័ទ​ដែល​ក្មេង​វ័យ​ខាង​ជំនឿ ឬ​មក​លើ​អ្នក​ដែល​ព្យាយាម​ជជែក​ជា​មួយ​គាត់ អំពី​ព្រះ​យេស៊ូវ។ ខ្ញុំ​នៅ​ចាំ​ថា នៅ​ថ្ងៃ​ដែល​ខ្ញុំ ឈប់​ធ្វើ​ការ​ជា​មួយ​គាត់ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍ និង​កន្លែង​ធ្វើ​ការ​ថ្មី ខ្ញុំ​បាន​គិត​ថា បុរស​ម្នាក់​នេះ​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ឡើយ។

ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ទៅ​លេង​កន្លែង​ធ្វើ​ការ​ចាស់​។ គាត់​នៅ​ធ្វើការ ក្នុង​កន្លែង​នោះ​ដដែល តែ​ខ្ញុំ​មិន​ដែល​បាន​ឃើញ​នរណា​ម្នាក់​មាន​ការ​ផ្លាស់​ប្រែ ដូច​គាត់​ឡើយ​។ បុរស​ម្នាក់​នេះ​កាល​ពី​មុន​មាន​ការ​ទាស់​ប្រឆាំង​នឹង​ជំនឿ​គ្រីស្ទ​បរិស័ទ​ជា​ខ្លាំង តែ​ពេល​នេះ គាត់​បាន​ក្លាយ​ជា​គំរូ ទាំងក្នុង​​ការ​ដើរ​ហើរ និង​និយាយ​ស្តី ដែល​បង្ហាញ​ថា គាត់ “បាន​កើត​ជា​ថ្មី” ក្នុង​ព្រះ​គ្រីស្ទ​ហើយ(២កូរិនថូស ៥:១៧)។ ជាង​៣០​ឆ្នាំ​ក្រោយ​មក សព្វ​ថ្ងៃ​នេះ គាត់​នៅ​តែ​បន្ត​ប្រាប់​អ្នក​ដទៃ អំពី​របៀប​ដែល​គាត់ “បាន​ស្គាល់ទ្រង់ នៅ​ពេល​ដែល​គាត់​កំពុង​ជាប់​ក្នុង​អំពើ​បាប និង​ការ​អាក្រក់​គ្រប់​យ៉ាង”។

រឿង​នេះ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា គ្រីស្ទ​បរិស័ទ​សម័យ​ដើម ប្រា​កដ​ជា​បាន​ឃើញ​សាវ័ក​ប៉ុល មាន​ការ​ផ្លាស់​ប្រែ​ស្រដៀង​នឹង​បុរស​ម្នាក់​នោះ​ផង​ដែរ។ កាល​ពី​ដើម សាវ័ក​ប៉ុល​ជា​អ្នក​ធ្វើ​ទុក្ខ​បៀត​បៀន​គ្រីស្ទ​បរិស័ទ​ដោយ​គ្មាន​ក្តី​មេត្តា តែ​ក្រោយ​មក គាត់​ក៏​បាន​ក្លាយ​ជា​គំរូ​ដែល​គួរ​ឲ្យ​កត់​សំគាល់​យ៉ាង​ខ្លាំង ដែល​បង្ហាញ​អំពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ការ​កើត​ជា​ថ្មី (កិច្ចការ ៩:១-២២)។

គំរូ​នៃ​ជីវិត​របស់​អ្នក​ទាំង​ពីរ បាន​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម ដល់​អ្នក​ដែល​បាន​គិត​ថា ខ្លួន​មាន​បាប​ខ្លាំង​ពេក មិន​អាច​ទទួល​ការ​ប្រោស​លោះ​បាន! ព្រះ​យេស៊ូវ​បាន​តាម​រក​សាវ័ក​ប៉ុល និង​អតីត​មិត្ត​រួម​ការងារ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ​ដែរ។​ ហើយ​ទ្រង់​នៅ​តែ​បន្ត​ស្វែង​រក “មនុស្ស​ដែល​មិន​ទាន់​ឮ​ដំណឹង​ល្អ” និង​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​បំផុត សម្រាប់​ឲ្យ​យើង​អាច​ឈោង​ចាប់​អ្នក​ដទៃ​ផង​ដែរ។-Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles