
ព្រះតម្រង់ផ្លូវឲ្យយើង
ដោយDavid C. McCasland
October 14, 2017
កាលពីមួយសតវត្សរ៍មុន បុរសម្នាក់់ អាយុ៤១ឆ្នាំ ឈ្មោះ អូសវល ឆេមបឺ(Oswald Chambers) បានធ្វើដំណើរមកដល់ប្រទេសអេស៊ីព្ទ ដើម្បីបម្រើការជាគ្រូបង្រៀនព្រះបន្ទូលរបស់អង្គការ YMCA សម្រាប់កងទ័ពចក្រភពអង់គ្លេស ក្នុងអំឡុងសង្រ្គាមលោកលើកទី១។ គេបានរៀបចំឲ្យគាត់ទៅធ្វើការក្នុងជំរំមួយ នៅតំបន់ហ្សេទួន ដែលនៅភាគខាងជើងទីក្រុងខៃរ៉ូ ចម្ងាយប្រហែល ៨គីឡូម៉ែត្រ។ នៅពេលយប់ដំបូងដែលគាត់បាននៅទីនោះ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩១៥ លោកឆេមបឺ បានសរសេរ នៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “តំបន់នេះពិតជាទីរហោស្ថាន នៅក្នុងចិត្តរបស់កងទ័ព ហើយក៏ជាឱកាសដ៏ត្រចះត្រចង់សម្រាប់មនុស្សទាំងឡាយផង។ ខ្ញុំមិនដែលធ្លាប់ជួបប្រទះអ្វីៗ ដែលមាននៅទីនេះពីមុនមកទេ ហើយខ្ញុំកំពុងតែរង់ចាំមើល ដោយយកចិត្តទុកដាក់ ចំពោះការថ្មីៗដែលព្រះទ្រង់នឹងធ្វើ ហើយរៀបចំ។” លោកឆេមបឺរបានជឿ ហើយក៏បានអនុវត្តតាមព្រះបន្ទូល ដែលមានចែងក្នុង សុភាសិត ៣:៥-៦ ថា “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង”។ បទគម្ពីរនេះមានការកម្សាន្តចិត្ត ហើយក៏មានការដាស់តឿនផងដែរ។ យើងមានសន្តិភាពក្នុងចិត្ត ពេលដឹងថាព្រះអម្ចាស់នឹងដឹកនាំផ្លូវយើង ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ យើងមិនត្រូវងប់ងល់នឹងផែនការរបស់យើងខ្លាំងពេក ដល់ថ្នាក់យើងប្រឆាំងនឹងការនាំផ្លូវ ឬការរៀបចំពេលវេលារបស់ព្រះនោះឡើយ។ លោកឆេមបឺរបានមានប្រសាសន៍ថា “យើងគ្មានសិទ្ធិសម្រេចថា ព្រះទ្រង់គួរដាក់យើងឲ្យនៅកន្លែងណាមួយឡើយ ហើយក៏គ្មានសិទ្ធិដឹងជាមុនថា តើយើងសក្ដិសមនៅទីនោះឬក៏អត់។ ព្រះទ្រង់ជាវិស្វករដែលរៀបចំគ្រប់ការទាំងអស់។ ទោះទ្រង់ដាក់យើងឲ្យនៅទីណាក៏ដោយ ក៏គោលបំណងធំបំផុតរបស់យើង គឺត្រូវមានការប្ដេជ្ញាអស់ពីចិត្តថ្វាយដល់ទ្រង់ ក្នុងការបំពេញកិច្ចការដែលទ្រង់បានឲ្យធ្វើនោះ”។-DAVID MCCASLAND
បទគម្ពីរប្រចាំថ្ងៃ
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។-ខ.៦